(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កោះតៃវ៉ាន់បានអះអាងថា យន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន០២គ្រឿងបានហោះក្បែរៗ កោះតៃវ៉ាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង និងទម្លាក់គ្រាប់បែករបស់ចិនជាច្រើនគ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រ នៅក្បែរកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុន។

 

២៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៥០នាក់ហើយគិតត្រឹមល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង ខណៈអាជ្ញាធរទើបរកឃើញអ្នកឆ្លងថ្មី ០៣នាក់បន្ថែមទៀត។

 

៣៖ ក្រៅពីមនុស្ស ៣៩នាក់បន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ព្រីសេស (Diamond Princess) ដែលត្រូវបានធ្វើតេស្តនិងរកឃើញឆ្លងវីរុស កូរ៉ូណាថ្មី Covid-19 នោះ មន្រ្តីជប៉ុនម្នាក់ដែលទទួលបន្ទុកការងារត្រួតពិនិត្យសុខភាពរបស់អ្នកជិះលើនោះ ក៏ត្រូវបានរកឃើញថាឆ្លងផងដែរ ជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៧៥នាក់។

 

៤៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាហ៍ម៉ូដ អាប់បាស់ (Mahmoud Abbas) បានបញ្ជាក់សាជាថ្មីនូវការបដិសេធ ចំពោះផែនការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានលោកផ្ទាល់ដាក់ឈ្មោះឲ្យថា «សំណើអ៊ីស្រាអែល-អាមេរិក»។

 

៥៖ គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់ ១,១១០នាក់ និងឆ្លងជាង ៤៤,២០០នាក់។

 

៦៖ ខណៈផ្ទះសម្បែង និងអាជីវកម្មជាច្រើនកន្លែង បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្រ្តាលី ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គីសនី Ausgrid បានស្នើសុំជំនួយពីយោធា ដើម្បីបោសសម្អាតកម្ទេចកម្ទី និងជួសជុលបណ្ដាញអគ្គិសនីឡើង៕