(បាងកក)៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក អានុធិន ឆាមវីរៈគុល (Anutin Charnvirakul) បានបន្ទោសភ្ញៀវទេសចរ មកពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន ដែលមិនព្រមពាក់ម៉ាសជាមួយការព្រមានថា ពួកគេអាចនឹងប្រឈមមុខនឹងការបណ្ដេញចេញពីប្រទេសថៃ សម្រាប់ការបង្កហានិភ័យដល់អ្នកដទៃ កំឡុងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Anutin ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងយុទ្ធនាការចែកម៉ាស នៅឯច្រលចូលស្ថានីយរថភ្លើងលើអាកាស សៃយ៉ាមស្កាយត្រេន (Siam skytrain) ក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះ។ ស្ថិតក្នុងឱកាសនោះលោករដ្ឋមន្ត្រីសុខាភិបាលថៃ បានលើកឡើងដូច្នេះថា «ភ្ញៀវទេសចរមកពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន មិនព្រមយកម៉ាស់ ហើយធ្វើឬកដូចជាមិនខ្វល់អ្វីទាល់តែសោះ... ក្រុមមនុស្សបែបនេះយើងគួរតែ បណ្ដេញពួកគេចេញពីប្រទេសថៃ»

គួរជម្រាបថា គិតមកទល់ថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។ ថៃបានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណា ២៥ករណី ហើយក្នុងនោះមានអ្នកជំងឺ ០៩នាក់បានជាសះស្បើយ ខណៈនៅតាមដងផ្លូវ សេវាដឹកជញ្ជូនសាធារណៈ និងផ្សារទំនើបត្រូវបានគេសង្កេតឃើញថា ពោពេញមនុស្សពាក់ម៉ាស៕