(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ីនាថ្ងៃសុក្រនេះបានប្រកាសពីការរកឃើញ អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ១ករណីថែមទៀត ធ្វើឲ្យចំនួនករណីសរុបកើនដល់ ១៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

១ករណីថ្មីទៀតនេះ គឺជាស្រ្តីអ្នកដំណើរជនជាតិចិនអាយុ ៥៩ឆ្នាំ ដែលបានចូលក្នុងប្រទេសម៉ាឡេស៊ីតាមសិង្ហបុរី។ គាត់បានទៅដល់សិង្ហបុរី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយធ្វើដំណើរឆ្លងចូលទៅកាន់ទីក្រុង ចូហ័រ បារូ (Johor Bahru) ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែដដែល ខណៈការធ្វើដំណើររបស់ស្ត្រីរូបនោះ បានប្រព្រឹត្តទៅជាមួយគ្រួសារដែលរួមមាន ស្វាមី កូនប្រុស និងកូនប្រសាស្រី។

បើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី លោក ដាហ្សាល់ខេហ្វលី អាហ៍ម៉េដ (Dzulkefly Ahmad) អ្នកជំងឺម្នាក់នោះពុំសូវចេញដើរហើរនៅខាងក្រៅទេ ប៉ុន្តែបានកើតមានអាការៈគ្រុនក្តៅ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។ ទោះជាបែបនេះក្តី គាត់មិនបានទៅមន្ទីរពេទ្យឡើយ គឺគ្រាន់តែលេបថ្នាំ ដែលកូនប្រុសគាត់ទិញពីឱសថស្ថានដែលនៅក្បែរនោះ។ តាមពិតគាត់ត្រូវហោះត្រឡប់ទៅចិនវិញ តាមជើងហោះហើរពីទីក្រុង Johor Bahru ទៅកាន់ទីក្រុង ក្វាងចូវ (Guangzhou) កាលពីអង្គារសប្តាហ៍នេះ ខណៈគាត់ជាអ្នកក្រុង វូហាន (Wuhan) ប៉ុន្តែគាត់បានសម្រេចមិនទៅវិញ ព្រោះនៅតែមិនស្រួលខ្លួន។ រីឯកូនប្រុស និងកូនប្រសាគាត់បានចាកចេញទៅតាមការគ្រោងទុក។

គួរជម្រាបថា បន្ទាប់មកនៅថ្ងៃពុធសប្តាហ៍នេះ អ្នកជំងឺជនជាតិចិននោះ នៅតែបន្តមិនស្រួលខ្លួនដដែល ហើយទីបំផុតក៏មានការជូនដំណឹង ដឹងលឺដល់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី។ រួចមកគាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា 2019-nCoV។ ចំណែកស្វាមីគាត់ ក៏កំពុងស្ថិតនៅក្រោមការដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានដោយពុំទាន់មាន បង្ហាញរោគសញ្ញាសង្ស័យណាមួយឡើយ។ គិតត្រឹមពេលនេះ ករណីវីរុសកូរ៉ូណាប្រភេទថ្មីនៅម៉ាឡេស៊ីមានចំនួន ១៥ករណីក្នុងនោះ ១១ករណីគឺជាជនជាតិចិន និង ០៤ករណីជាជនជាតិម៉ាឡេស៊ីផ្ទាល់៕