(បាងកក)៖ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ បានអំពាវនាវឱ្យសភាតំណាងរាស្ត្រ បង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងរកវិធានការទប់ស្កាត់កុំឱ្យការធ្វើ «រដ្ឋប្រហារ» ចេះតែកើតមានឡើង នៅពេលអនាគត ហើយថានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា គួរតែជាអ្នកដឹកនាំ គណៈកម្មាធិការពិសេសមួយនេះ។ នេះបើតាមការដកស្រង់ការចេញ ផ្សាយពីសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

សំណើបង្កើតគណៈកម្មាធិការពិសេសខាងលើ ធ្វើឡើងដោយអគ្គលេខាធិការគណបក្សអនាគតថ្មី លោក ភីយ៉ាបុត្រ សែងកាណុតគុល (Piyabutr Saengkanokkul)។ លោក Piyabutr បានលើកឡើងដូច្នេះថា «កងទ័ពបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលជាញឹកញប់ រហូតដល់អ្នកខ្លះចាត់ទុកថា ពួកគេគឺជាថ្នាំព្យាបាលជំងឺនយោបាយជាប់គាំង... ដូច្នេះសមាជិកសភាទាំងអស់ គួរតែធ្វើការងាររួមគ្នាបង្កើតវិធានការរារាំងកុំឱ្យ រដ្ឋប្រហារ អាចកើតមានឡើងនៅពេលអនាគត តាមរយៈការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ»

បន្ថែមពីលើនេះ លោក សាសឹមសាន មីធីប (Kasemsan Mithip) ដែលជាសមាជិកសភាគណបក្សអនាគតថ្មី ក៏បានប្រាប់សភាថៃកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោក ប្រាយុទ្ធ ចាន់អូចា គួរតែត្រូវបានអញ្ជើញឱ្យដឹកនាំគណៈកម្មាធិការពិសេសមួយនេះ ដោយសំអាងថា «គ្មាននរណាម្នាក់ស្គាល់ ឬដឹងច្បាស់ពីការធ្វើរដ្ឋប្រហារ ជាងមេដឹកនាំធ្លាប់ធ្វើរដ្ឋប្រហារនោះទេ»

គួរជម្រាបថា បើតាមលោក Piyabutr ប្រទេសថៃបានឆ្លងកាត់រដ្ឋប្រហារ ១៣លើកមកហើយ ក្នុងរយៈពេល ៨៨ឆ្នាំមកនេះ ឬគិតជាមធ្យមរដ្ឋប្រហារតែងតែកើត ឡើងជារៀងរាល់ ៦ឆ្នាំម្ដង រីឯយោធាត្រូវបានគេមើលឃើញថា គឺជាអ្នកទទួលផលចំណេញ ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល៕