Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំងឺវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងសរុប២នាក់ បានជាស្បើយឡើងវិញទាំងស្រុង និងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ (Video inside)

06-02-2020 21:47

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះ បានអនុញ្ញាតឲ្យអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ទីពីររបស់ខ្លួន ចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់អ្នកជំងឺម្នាក់នោះបានជាសះស្បើយឡើងវិញទាំងស្រុង និងលែងបង្ហាញរោគសញ្ញានៃជំងឺទៀតហើយ។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា អ្នកជំងឺខាងលើ គឺជាស្រ្តីជនជាតិចិនម្នាក់អាយុ៣៥ឆ្នាំ ដែលបានមកកាន់ប្រទេសកូរ៉េខាងត្បូង ដោយចេញពីទីក្រុង Wuhan ដែលចំណុចផ្ទុះឡើងដំបូងនៃវីរុសកូរ៉ូណាថ្មី ហើយគាត់ជា បុគ្គលដំបូងគេ ដែលត្រូវបានពិនិត្យរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា 2019-nCoV នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។

គួរជម្រាបថា អ្នកដំណើរជនជាតិចិននោះត្រូវបានធ្វើតេស្តរកឃើញវីរុស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋាន អន្តរជាតិ Incheon ស្របពេលដែលគាត់ត្រៀមបន្តដំណើរទៅកាន់ប្រទេសមួយទៀត។ មកទល់ពេលនេះ កូរ៉េខាងត្បូងមានករណី អ្នកឆ្លងវីរុសកូរ៉ូណា 2019-nCoV ចំនួន២៣ករណី ដែលក្នុងនោះ២នាក់បានជាសះស្បើយឡើងវិញ ខណៈ២១នាក់ កំពុងបន្តទទួល ការព្យាបាល៕