(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈមនុស្សចំនួនលើស១១០០០នាក់ទៀតបានឆ្លង។

២៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាពួកគេបានរកឃើញការឆ្លងវីរុសកូរ៉ូណា ២ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៨នាក់។

៣៖ ជាការបង្កើតវិធានការដើម្បីទប់ទល់វីរុសកូរ៉េណាប្រភេទថ្មី (2019-nCoV) ដែលកំពុងផ្ទុះឡើងស្ទើរពាសពេញផ្ទៃប្រទេសនោះ អាជ្ញាធរចិននៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីអំពាវនាវមួយ ឲ្យប្រជាពលរដ្ឋទាំងឡាយផ្អាកពិធីរៀបមង្គលការសិន និងពិធីបុណ្យសពនានា គួរបន្ថយពេលវេលាឲ្យនៅខ្លីតាមដែលធ្វើបាន។

៤៖ ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង៤៧ឆ្នាំមកនេះ និងជាងបីឆ្នាំកន្លះ ក្រោយការបោះឆ្នោតប្រជាមតិ Brexit។

៥៖ រុមអ្នកស្រាវជ្រាវជប៉ុនបានប្រកាសថា ពួកគេបានទទួលជោគជ័យ នូវការញែកចេញ និងរក្សាទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលយកចេញពីខ្លួនអ្នកជំងឺផ្ទុកវីរុសនេះ ដើម្បីធ្វើការសិក្សាព្រមទាំងបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺរលាកសួត ដែលកើតឡើងនៅពេលអ្នកជំងឺណាម្នាក់ ឆ្លងវីរុសដ៏កាចសាហាវនេះចូលក្នុងខ្លួន។

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជានឹងមានភាគរយកាន់តែខ្ពស់ថានឹងអាចរួចផុតពីការដកតំណែង បន្ទាប់ពីព្រឹទ្ធសភា បោះឆ្នោត ប្រឆាំងការអនុញ្ញាតឱ្យមានសាក្សីថ្មី និងភស្តុតាងបន្ថែម នៅក្នុងសវនាការលើនីតិវិធីដកតំណែង៕