(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងថាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ២៥០នាក់ ដែលកំពុងត្រូវបានជម្លៀសចេញពីខេត្ត Hubei ប្រទេសចិន នឹងត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯង នៅឯមូលដ្ឋាទ័ពនៅលើកោះ Natuna ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមលោកស្រី Retno Marsudi ពលរដ្ឋដែលត្រូវបានជម្លៀសទាំងអស់ រួមជាមួយមន្ត្រី៥រូប កំពុងរៀបចំចាកចេញត្រឡប់មកកាន់ប្រទេសកំណើត តាមជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Batik Air ដោយមានសុខភាពល្អ ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងទទួលបានការពិនិត្យតាមដានរកវីរុសកូរ៉ូណា នៅលើយន្ដហោះ និងនៅពេល ទៅដល់ឥណ្ឌូណេស៊ី វិញផងដែរ។ ក៏ប៉ុន្តែ លោកប្រមុខយោធា Hadi Tjahjanto បានអះអាងថាពលរដ្ឋប្រមាណ២៥០នាក់ ខាងលើ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃមូលដ្ឋានមួយកន្លែង នៅលើកោះ Natuna ដើម្បីតាមដានបន្ត ខណៈលោកស្រី Marsudi ឱ្យដឹងថាពួកគេអាចនឹងស្ថិតនៅលើកោះនេះរយៈពេល១៤ថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្ន មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណា ផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនោះទេ ស្របពេលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី នៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត ១២,០០០នាក់ទៀងឆ្លងនៅទូទាំងប្រទេស និង១២៤ករណីទៀតនៅទូទាំងពិភពលោក៕