(ស៊ីដនី)៖ តំបន់មួយចំនួនធំនៃភាគអាគេ្នយ៍ប្រទេសអូស្ត្រាលី កំពុងត្រៀមខ្លួនទប់ទល់នឹងរលកម្ដៅ និងខ្យល់បក់ខ្លាំង ដែលកំពុងបង្កការគំរាមកំហែង ក៏ដូចជាការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការផ្ទុះឡើងវិញនូវភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ និងប្រជាជននៅក្នុងតំបន់ ត្រៀមខ្លួនប្រឈមមុខនឹងគ្រោះថ្នាក់កម្រិតខ្ពស់ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ក៏បានដាក់ចេញផងដែរនូវការស៊ើបអង្កេតរយៈពេល ០៦ខែ ដើម្បីត្រួតពិនិត្យឡើងវិញពីមូលហេតុ និងការចាត់វិធានការឆ្លើយតប ទៅនឹងភ្លើងឆេះព្រៃដ៏កំណាចនៅក្នុងរដូវនេះ។

New South Wales គឺជារដ្ឋមួយទទួលរងការបំផ្លាញធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃ ដែលចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០១៩ ហើយបើគិតជាថ្នាក់ជាតិ ភ្លើងឆេះព្រៃនេះបានឆាបឆេះលើផ្ទៃដីច្រើនជាង ១១.២លានហិកតា និងផ្ដាច់ជីវិតមនុស្សំ ៣៣នាក់ព្រមទាំងសត្វ ១ពាន់លានក្បាលបានងាប់ រីឯផ្ទះ ២,៥០០ខ្នងត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ អាជ្ញាធរអូស្ត្រាលីបានចេញសារព្រមាន អំពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ សម្រាប់តំបន់ជាច្រើននៅរដ្ឋភាគខាងត្បូងនៃប្រទេស ជាទីដែលសីតុណ្ហភាពអាចនឹងកើនឡើងលើស ៤០អង្សាសេ ហើយខ្យល់បក់ខ្លាំងមានល្បឿន ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង៕