(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនទើបតែបានប្រកាសឲ្យដឹងថា ពលរដ្ឋជប៉ុន ០៣នាក់ក្នុងចំណោមជាង ២០០នាក់ ដែលត្រូវបានជម្លៀសខ្លួនចេញពីប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត និងរកឃើញថា ពួកគេបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ខណៈបច្ចុប្បន្នចំនួនអ្នកផ្ទុកវីរុសនេះនៅជប៉ុនបានកើនដល់ ១១ករណី ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

មនុស្សទាំង ០៣នាក់ខាងលើបានមកដល់ប្រទេសជប៉ុនវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ តាមជើងហោះហើរពិសេសដំបូង ដែលរដ្ឋាភិបាលជប៉ុនបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីជម្លៀសពលរដ្ឋជប៉ុនចេញពីទីក្រុង វូហាន (Wuhan) ជាទីដែលវីរុសកូរ៉ូណាថ្មីបានផ្ទុះឡើងដំបូង ហើយនាពេលនេះវាបានផ្តាច់ជីវិតមនុស្សកើនដល់ ១៧០នាក់ និងចម្លងដល់ជាង ៧,៧០០នាក់ នៅក្នុងប្រទេសចិន ហើយបើរាប់ទាំងនៅប្រទេស ដទៃៗទៀតទូទាំងពិភពលោកគឺមានការឆ្លងជាង ៧,៨០០ករណី។

នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក កាតូ តាស៊ូណូប៊ុ (Kato Katsunobu) បានឲ្យដឹងដូច្នេះថា «បន្ថែមពីលើករណីដែលមានស្រាប់ចំនួន ០៨ នៅក្នុងចំណោមប្រជាពលរដ្ឋជប៉ុន ដែលត្រូវបាននាំយកត្រឡប់មកពីទីក្រុង Wuhan កាលពីម្សិលមិញ វត្តមានវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានរកឃើញក្នុងខ្លួនពលរដ្ឋជប៉ុនម្នាក់ ដែលមានបង្ហាញរោគសញ្ញា និងពីរនាក់ទៀតដែលមិនមានបង្ហាញរោគសញ្ញា»។ បើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ អ្នកទាំងបីនោះនឹងត្រូវទទួលការតាមដាន ក៏ដូចជាពិនិត្យព្យាបាលនៅមន្ទីរវេជ្ជសាស្រ្តពិសេសមួយ។

គួរជម្រាបថា ប្រការខាងលើបានធ្វើឲ្យចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងប្រទេសជប៉ុនសរុបកើនដល់ ១១ករណីហើយ ដែលក្នុងនោះមាន ០២នាក់ បានឆ្លងវីរុសដោយពុំធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan ឡើយ។ ក្នុងចំណោមអ្នកទាំងពីរនាក់ ម្នាក់ជាអ្នកបើករថយន្តក្រុងទេសចរណ៍ និងម្នាក់ទៀតជាមគ្គុទេសក៍ទេសចរ។ ពួកគេទាំងពីរទំនងជាបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី កំឡុងពេលដឹកភ្ញៀវទេសចរ៍ចិនពីរក្រុម ដែលមកធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុន កាលពីពេលកន្លងទៅក្នុងខែនេះ ខណៈអ្នកដំណើរចិនទាំងនោះមកពីទីក្រុង Wuhan។ សម្រាប់អ្នកផ្ទុកវីរុស ០៦ករណីទៀត ដែលរកឃើញនៅជប៉ុន គឺសុទ្ធតែជាអ្នកដំណើរមកពីប្រទេសចិន៕