(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានព្រមានថា អាចកើតមានការផ្ទុះរាតត្បាត វីរ៉ុសផ្លូវដង្ហើមថ្មីកូរ៉ូណា នៅក្នុងតំបន់ដែលមាន ភ្ញៀវទេសចរជនជាតិចិនច្រើន ដូចជាទីក្រុងបាងកក, ទីក្រុងឈៀងម៉ៃ និងកោះភូកេត, នេះបើយោងតាមសាសរព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃ២៩ ខែមករា ឆ្នាំ២០២០នេះ។

ការប្រកាសព្រមានរបស់ក្រសួង ដែលបានធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីអ្នកបើករថយន្តក្រុងជនជាតិជប៉ុនម្នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរ៉ុសកូរ៉ូណា នៅពេលដែលបើករថយន្តដឹកក្រុមភ្ញៀវទេសចរជនជាតិចិន ដែលមកពីទីក្រុងវូហាន ប្រទេសចិន។ អ្នកបើករថយន្ត ជនជាតិជប៉ុនរូបនេះ មិនធ្លាប់បានធ្វើដំណើរ ទៅកាន់ទីក្រុងវូហាន ដែលជាទីកន្លែងដើមកំណើត នៃវីរ៉ុសផ្លូវដង្ហើមសម្លាប់មនុស្សនេះនោះទេ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូឆា បានឲ្យដឹងថា រដ្ឋាភិបាលនឹងប្រើប្រាស់យន្តហោះពាណិជ្ជកម្ម ដើម្បីទៅជម្លៀសជនជាតិថៃ ពីប្រទេសចិន ដោយសារយន្តហោះយោធា គេមិនអនុញ្ញាតឲ្យហោះហើរចូល។ លោកនាយករដ្ឋមន្ត្រីបន្តថា រដ្ឋាភិបាលកំពុងរង់ចាំការអនុញ្ញាតពីភាគីចិន ហើយការជម្លៀសជនជាតិថៃ នឹងចាប់ផ្តើមជាមួយនឹងមនុស្ស៦៥នាក់ នៅក្នុងទីក្រុងវូហាន។

លោកប្រាយុទ្ធ បានឲ្យដឹងដែរថា ក្រុមមន្ត្រីបាននឹងកំពុងផ្គត់ផ្គង់អាហារ ទៅដល់ជនជាតិថៃ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសចិន៕