(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែបន្តប្រកាន់ភ្ជាប់នូវរបបសាធារណរដ្ឋ ដែលមានប្រធានាធិបតីជាប្រមុខដឹកនាំ ហើយការចង់ឱ្យប្រទេសរបស់លោក យកគំរូតាមប្រព័ន្ធដឹកនាំនៃអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ក្វាន់ យូ គឺជារឿងមិនអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅពេលត្រូវបាននិស្សិតម្នាក់សួរ កំឡុងជំនួបប្រជុំជាមួយក្រុមនិស្សិតនៅឯទីក្រុង សូឈី (Sochi) នៅថ្ងៃពុធសប្ដាហ៍នេះថា តើរុស្ស៊ីនឹងពិចារណាបង្កើតប្រព័ន្ធនយោបាយដូចគ្នា ទៅនឹងប្រព័ន្ធនយោបាយដែលលោក លី ក្វាន់ យូ បានបង្កើតដែរ ឬទេ។ សិង្ហបុរីកាលពីឆ្នាំ២០០៤ បានបង្កើតដំណែងមួយ នោះគឺរដ្ឋមន្ត្រីប្រឹក្សាយោបល់ ឬ Minister Mentor សម្រាប់លោក លី ក្វាន់យូ ដែលមានតួនាទីជាអ្នកប្រឹក្សាយោបល់ និងរក្សាស្ថេរភាពនយោបាយបន្ទាប់ពីលោកចូលនិវត្តន៍។

ឆ្លើយតបទៅនឹងសំនួរនេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «លោក លី ក្វាន់ យូ គឺជាបុរសម្នាក់ដ៏អស្ចារ្យ... វាគឺជាការពិតហើយគាត់គឺជាបិតា ស្ថាបនិកសិង្ហបុរីក៏វាគឺជាការពិតមួយដែរ។ ប៉ុន្តែ តើអ្នកចង់ឱ្យខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីប្រឹក្សាយោបល់មែនដែរទេ? បើវាជាអ្វីដែលអ្នកចង់បាន នោះវានឹងបំផ្លាញស្ថាប័នប្រធានាធិបតី។ ខ្ញុំគិតថាសម្រាប់ប្រទេសដូចជារុស្ស៊ី មិនអាចដើរតាមសិង្ហបុរីបាននោះទេ ពីព្រោះយើងមានក្រុមចម្រុះជាតិសាសន៍ជាច្រើន និងរបៀបរស់នៅផ្សេងៗគ្នា ដែលនេះមិនអាចទៅរួចឡើយក្នុងការធ្វើសមាហរណកម្ម នៅក្រោមក្របខណ្ឌសាធារណរដ្ឋអាស្រ័យសភា។ ដូច្នេះហើយរឿងទីមួយ ដែលយើងត្រូវធ្វើនោះ គឺប្រកាន់ភ្ជាប់នូវរបបសាធារណរដ្ឋប្រធានាធិបតីដ៏រឹងមាំមួយ»

គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន បានស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈរដ្ឋធម្មនុញ្ញរុស្ស៊ីសព្វថ្ងៃ មិនអនុញ្ញាតឱ្យលោកចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០២៤ ជាពេលដែលអាណត្តិជាប្រធានាធិបតីរបស់លោកផុតនោះទេ (នៅរុស្ស៊ីប្រធានាធិបតីម្នាក់ អាចកាន់អំណាចបានតែពីរអាណត្តិជាប់គ្នាប៉ុណ្ណោះ)។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញជាច្រើនយល់ថា លោក ពូទីន អាចនឹងបង្កើតតំណែងថ្មីមួយ ដែលអាចឱ្យលោកបន្តដឹកនាំប្រទេសរុស្ស៊ី បើទោះជាមិនកាន់តំណែងជាប្រធានាធិបតីក៏ដោយ៕