(ឌូបៃ)៖ តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៉ីរ៉ង់ លោក Brian Hook បានព្រមានថាអ្នកបន្តវេនពីលោក Qassem Soleimani អាចនឹងមាន វាសនាដូចអតីតមេបញ្ជាការអ៉ីរ៉ង់រូបនេះដែរ បើសិនជាហ៊ានសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិកណាម្នាក់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

លោក Brian Hook ធ្វើការព្រមានបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Asharq al-Awsat នៅឯវេទិការសេដ្ឋកិច្ចពិភពលោក ដែលកំពុង ប្រព្រឹត្តទៅក្នុងទីក្រុង Davos ប្រទេសស្វីស។ ថ្លែងនាឱកាសនោះ លោក Hook បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជា លោក Esmail Ghaani ហ៊ាន ដើរតាមជំហានចាស់ដោយសម្លាប់ពលរដ្ឋ ឬកងទ័ពអាមេរិកណាម្នាក់ នោះលោកនឹងមានវាសនាដូចលោក Soleimani ដ្បិតលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការវាយប្រហារលើពលរដ្ឋអាមេរិក ឬកងទ័ពអាមេរិក ឬក៏ផលប្រយោជន៍អាមេរិក»

គួរបញ្ជាក់ថា លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានយន្ដហោះដ្រូនអាមេរិក សម្លាប់កាលពីដើមខែមករាកន្លងទៅ នៅទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។ ក្រោយមរណភាពនេះ មេដឹកនាំកំពូលអ៉ីរ៉ង់បានតែងតាំងលោក Esmail Ghaani ជាមេបញ្ជាការកងអង្គភាព Quds ថ្មី ហើយលោក Ghaani ក៏បានស្បថដែរថានឹងដើរតាមគោលនយោបាយរបស់លោក Soleimani៕