(អាមេរិក)៖ គិតចាប់តាំងពីការបាញ់បង្ហោះកាលពីឆ្នាំ២០០៣ តេឡេស្កូប ឬកែវយឺតអវកាស Spitzer របស់អង្គការ NASA បានប្រើប្រាស់ពេលវេលាជាង ១៦ឆ្នាំរបស់វា ប្រកបដោយអត្ថន័យ និងអត្ថប្រយោជន៍ធំធេង ប៉ុន្តែមកដល់ដើមឆ្នាំ២០២០ បញ្ហាមួយចំនួនបានលេចឡើងហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

ហេតុអ្វីអង្គការ NASA ដឹងថា Spitzer ត្រូវដល់ពេលបញ្ចប់បេសកកម្ម? វាប្រាកដណាស់ ព្រោះតេឡេស្កូបអវកាស Spitzer បានលេចធ្លាយសារធាតុទឹកចេញពីខ្លួនវាហើយ។ បញ្ហារបស់ Spitzer គឺស្ថិតនៅលើប្រព័ន្ធសាកអាគុយដោយខ្លួនឯង និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅក្នុងខ្លួនវា (ប្រព័ន្ធធ្វើឲ្យត្រជាក់) ដែលចាប់ផ្តើមឆ្លងគ្នា។ កាលពីវាទើបត្រូវបានបាញ់បង្ហោះដំបូងៗនៅឆ្នាំ២០០៣ ផ្នែកទាំងពីរនេះមិនមានបញ្ហារវាងគ្នានោះឡើយ ប៉ុន្តែនៅក្នុងការធ្វើប្រតិបត្តិការយូរឆ្នាំបន្តិច បញ្ហាធំក៏ចាប់ផ្តើមលេចឡើងតែម្តង។

អង្គការ NASA បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គឺជាពេលដែលសេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើង ហើយប្រាកដណាស់ថា វាជាបទបញ្ជាចុងក្រោយ ដើម្បីបញ្ចប់ជីវិតរបស់ Spitzer។ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Luisa Rebull នៃវិទ្យាស្ថានបច្ចេកវិទ្យារបស់អង្គការ NASA ប្រចាំនៅរដ្ឋកាលីហ្វ័របានបញ្ជាក់ប្រាប់ Space យ៉ាងដូច្នេះថា «បេសកកម្មនឹងបញ្ចប់ទៅតាមបែបធម្មជាតិ ហើយយើងកំពុងតែរៀបចំរឿងនេះហើយ...»

គួរបញ្ជាក់ថា នៅក្នុងដំណើរការរយៈពេលជាង ១៦ឆ្នាំរបស់ Spitzer ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្របានធ្វើការស្វែងយល់ជាច្រើនអំពីការកកើត និងរួមបញ្ចូលគ្នានៃកាឡាក់ស៊ី និយាយជារួមគឺវាមិនសូវខុសពីកែវយឺតអវកាសផ្សេងៗទៀតនោះឡើយ ដែលមានតួនាទីក្នុងការជួយឲ្យយើងគ្រប់គ្នា អាចមើលនូវអ្វីដែលភ្នែករបស់យើងផ្ទាល់ មិនអាចមើលឃើញ។ បេសកកម្មស្រាវជ្រាវ ផលិត និងគ្រប់គ្រង Spitzer បានអំណាយថវិកាអស់ ១.៣៦ពាន់លានដុល្លារអាមេរិក៕