(ការ៉ាកាស់)៖ គណបក្សប្រឆាំងវេណេស៊ុយអេឡា នៅតែបន្តមានការបែកបាក់គ្នាយ៉ាងខ្លាំង មួយឆ្នាំបន្ទាប់ពីប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ដើម្បីបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមការលើកឡើងពីក្រុមអ្នកវិភាគ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

អ្នកវិភាគមួយចំនួនដូចជា លោក ចូ អ៊ែមើស៍ប៊ឺហ្គឺ (Joe Emersberger) មកពីគេហទំព័រព័ត៌មាន តេឡេហ្សួរ (Telesur English and Znet) បានកត់សម្គាល់ថា ក្រុមគណបក្សប្រឆាំងនៅតែបន្តបែកបាក់គ្នា រីឯប្រជាជនវេណេស៊ុយអេឡា បន្តរស់នៅក្រោមស្ថានភាពដ៏លំបាកលំបិន ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយដណ្ដើមអំណាចដ៏រុំារ៉ៃ។ លោក Emersberger បន្ថែមទៀតថា ការបែកបាក់គ្នានេះបានស្ដែងចេញយ៉ាងច្បាស់ បន្ទាប់ពីសមាជិកសភាគាំទ្រលោក ម៉ាឌូរ៉ូ បោះឆ្នោតគាំទ្រសមាជិកសភាបក្សប្រឆាំងម្នាក់គឺ លោក ល្វីស ផារ៉ា (Luis Parra) ឱ្យកាន់តំណែងជាប្រធានសភាថ្មីជំនួស លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ខណៈលោក Parra គឺជាអតីតសម្ព័ន្ធមិត្តរបស់លោក Guaido។

គួរបញ្ជាក់ថា បើតាមលោក Emersberger ការបាត់បង់ប្រជាប្រិយភាពរបស់គណបក្សប្រឆាំងវេណេស៊ុយអេឡា គឺដោយសារតែគណបក្សមួយនេះ មានទំនាក់ទំនងជិតស្និទ្ធហួសហេតុជាមួយសហរដ្ឋអាមេរិក ដែលកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ច សង្កត់ករដ្ឋាភិបាល លោក ម៉ាឌូរ៉ូ។ តែអ្នករងគ្រោះពិតប្រាកដ គឺជាប្រជាជនវេណេស៊ុយអេឡាភាគច្រើន ដែលកំពុងរស់នៅដោយមានជីវភាពលំបាកតោកយ៉ាក និងចាប់ផ្ដើមសង្ស័យពីសមត្ថភាព និងប្រសិទ្ធភាពដោះស្រាយបញ្ហារបស់គណបក្សប្រឆាំង៕