(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការបិទដំណើរការប្រតិបត្តិការផលិតប្រេង នៅក្នុងប្រទេសលីប៊ី ដែលអាចនឹងបង្កឱ្យវិបត្តិមនុស្សធម៌ បច្ចុប្បន្នកាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើតាមស្ថានទូតអាមេរិកប្រចាំប្រទេសលីប៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះនៅលើ Twitter​ នៅថ្ងៃអង្គារនេះ ស្ថានទូតអាមេរិក ក៏បានអំពាវនាវផងដែរ ឱ្យមានការបើកប្រតិបត្តិការផលិតប្រេងជាបន្ទាន់ នៃក្រុមហ៊ុនប្រេងរដ្ឋលីប៊ី National Oil Corporation (NOC)។ NOC បានឱ្យដឹងថា កងកម្លាំងស្ម័គ្រស្មោះនឹងមេដឹកនាំភាគខាងកើតលីប៊ី លោក Khalifa Haftar បានបញ្ជាឱ្យខ្លួនបិទប្រតិបត្តិការ ផលិតប្រេង នៅភាគខាងកើត និងខាងត្បូងនៃប្រទេស ខណៈទិន្នផលប្រេងនឹងត្រូវបានកាត់បន្ថយពី១.២លានបារែលក្នុងមួយថ្ងៃ មកនៅត្រឹមតែ ៧២,០០០បារែល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ប៉ុន្តែ មូលហេតុបិទប្រតិបត្តិការនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ៕