(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ដែលទើបជាប់ឆ្នោតអាណត្តិទីពីរក្តៅៗនោះ បានសរសេរលិខិតមួយថ្វាយសម្តេច ប៉ុប ហ្វ្រង់ស៊ីស (Pope Francis) ដោយក្នុងនោះលោកស្រីបានរៀបរាប់អំពីការគំរាមកំហែង កាន់តែខ្លាំងឡើងៗពីសំណាក់ទីក្រុងប៉េកាំង មកលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ដែនដីកោះ ដែលចិនចាត់ទុកត្រឹមជាខេត្តមួយរបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

បុរីវ៉ាទីកង់ដែលសម្តេច ប៉ុប កំពុងគង់នៅ គឺជាប្រទេសមួយក្នុងចំណោម ១៥ ប៉ុណ្ណោះលើពិភពលោក ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ និងតែមួយគត់ប្រចាំទ្វីបអឺរ៉ុប។ ប៉ុន្តែចាប់តាំងពីការប្រែប្រួលនយោបាយខ្លះៗ នៅក្នុងប្រទេសដ៏តូចមួយនេះ កាលពីឆ្នាំ២០១៨ កោះតៃវ៉ាន់មានការព្រួយបារម្ភកាន់តែខ្លាំងថា បុរីវ៉ាទីកង់នឹងដើរតាមប្រទេសផ្សេងៗទៀត ដោយងាកទៅគាំទ្រនយោបាយចិនតែមួយវិញ នោះគឺការទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលចិនផ្លូវការ និងតៃវ៉ាន់ត្រឹមតែជាខេត្តមួយប៉ុណ្ណោះ។

នៅក្នុងលិខិតរបស់លោកស្រី ត្សៃ បានបញ្ជាក់យ៉ាងដូច្នេះថា «តៃវ៉ាន់ចង់បានដំណោះស្រាយលើបញ្ហានានា ប្រកបដោយសន្តិវិធីជាមួយចិន។ ទោះបីជាបែបនេះក្តី កិច្ចសន្ទនារវាងតៃវ៉ាន់ និងចិនបានពោពេញដោយភាពលំបាកលំបិន។ ចំណុចធំបំផុតនោះ គឺប្រទេសចិនតាំងពីដើមរៀងមក មិនដែលបោះបង់ចោលមហិច្ឆតា ក្នុងការគ្រប់គ្រងលើកោះតៃវ៉ាន់នោះឡើយ...»

គួរបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកលោកស្រី ត្សៃ អ៊ីងវិន គឺជាមេដឹកនាំដែលចង់នាំកោះតៃវ៉ាន់ ទៅរកការប្រកាសឯករាជ្យ ដែលបញ្ហានេះត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា ជារឿងខុសច្បាប់ព្រោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះកាលពីឆ្នាំ២០១៩ ចិនបានព្រមានដោយចំពោះមកលើកោះតៃវ៉ាន់ថា ថ្ងៃណាដែលតៃវ៉ាន់ប្រកាសឯករាជ្យ ថ្ងៃនោះហើយជាពេលផ្ទុះសង្គ្រាមឡើង៕