(ឡុងដ៍)៖ អង្គការអុកស៍ហ្វាម (Oxfam) របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ក្រុមមហាសេដ្ឋីលំដាប់កំពូល ដែលពួកគេមានចំនួនតែ ១%ប៉ុណ្ណោះ នៃចំនួនប្រជាជនពិភពលោក អាចមានទ្រព្យសម្បត្តិច្រើនជាងពីរដង នៃប្រជាជនចំនួន ៦.៩ពាន់លាននាក់ទៀត ឬស្មើនឹង ៩០ភាគរយនៃប្រជាជនទូទាំងភពផែនដី។ តួលេខនេះបង្ហាញថា គម្លាតរវាងអ្នកមាន និងអ្នកក្រកំពុងស្ថិតនៅក្នុងចំណុចមួយ ដែលមិនអាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ថ្មីមួយសម្រាប់ឆ្នាំ២០១៩ ដែលមានចំណងជើងថា «ពេលវេលាត្រូវយកចិត្តទុកដាក់ ឬ Time to Care» ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ចំពេលនៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស។ នៅក្នុងរបាយការណ៍ខាងលើនេះ អង្គការ Oxfam បានគូសបញ្ជាក់ថា បុរសជាកំពូលមហាសេដ្ឋីចំនួន ២២នាក់លើលោកនេះ បច្ចុប្បន្នពួកគេមានទ្រព្យច្រើនជាងស្ត្រីទាំងអស់ នៅក្នុងទ្វីបអាហ្រ្វិកទាំងមូលតែម្តង ខណៈមហាសេដ្ឋីប្រាក់ពាន់លានតែ ២,១៥៣នាក់តែប៉ុណ្ណោះ អាចមានទ្រព្យសម្បតិ្តច្រើនជាងប្រជាជន ៤.៦ពាន់លាននាក់ ឬស្មើនឹង ៦២ភាគរយនៃប្រជាជនពិភពលោក ដែលត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់ ៧.៧ពាន់លាននាក់ (តួលេខឆ្នាំ២០១៩)។

លើសពីនេះទៅទៀត បើគិតលើការរួមបញ្ចូលគ្នានៃទ្រព្យសម្បត្តិរបស់ ក្រុមមហាសេដ្ឋីលំដាប់កំពូលមានជាងគេបំផុតតែមួយភាគរយ (1%) ពួកគេមានទ្រព្យច្រើនជាងពីរដងនៃប្រជាជនពិភពលោក ៦.៩ពាន់លាននាក់ទៀត (៩០% នៃប្រជាជនសរុបទូទាំងពិភពលោក)។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ដដែល មធ្យោបាយល្អបំផុតដើម្បីកាត់បន្ថយ គម្លាតរវាងអ្នកមាន និងអ្នកក្រនោះគឺការដំឡើងពន្ធ។ ជាឧទាហរណ៍ជាក់ស្ដែង ការដំឡើងពន្ធបន្ថែម ០.៥ភាគរយ លើក្រុមមហាសេដ្ឋីកំពូលៗមួយភាគរយខាងលើ ក្នុងរយៈពេល ១០ឆ្នាំ នឹងអាចរដ្ឋាភិបាលទាំងនោះមានលទ្ធភាពបង្កើតការងារបាន ១១៧លានកន្លែង នៅក្នុងវិស័យសុខាភិបាល អប់រំ ការថែទាំមនុស្សចាស់ជរា និងវិស័យមួយចំនួនទៀត៕