(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ហារី (Harry) បានលើកឡើងថា ទ្រង់ពិតជាមានអារម្មណ៍សោកសៅយ៉ាងពន់ពេក ដែលនឹងត្រូវចាកចោលរាជកិច្ច បន្ទាប់ពីបានព្រមព្រៀងជាមួយម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត (Elizabeth) ថា ព្រះអង្គ និងអ្នកម្នាង មេហ្គាន (Meghan) នឹងបោះបង់ចោលរាល់រាជកិច្ច ដើម្បីចាប់ផ្ដើមរស់នៅដោយឯករាជ្យ មិនពឹងផ្អែកលើព្រះរាជទ្រព្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

ក្រុមប្រឹក្សាព្រះរាជវាំងបាក់ឃីងហាំ (Buckingham Palace) និងម្ចាស់ក្សត្រីយ៍ Elizabeth បានប្រកាសកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan នឹងលែងជាសមាជិកដែលកំពុងបំពេញរាជកិច្ចនៃរាជវង្សអង់គ្លេស ហើយមិនអាចប្រើប្រាស់ឋានៈជារាជវង្សខ្ពង់ខ្ពស់ "Royal Highness" បានទៀតឡើយ ដោយនឹងត្រូវចាប់ផ្ដើមជីវិតឯករាជ្យថ្មីមួយ ក្នុងនាមជាប្រជាជនសាមញ្ញ។ យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ Harry បានបង្ហាញការសោកសៅជាខ្លាំង ដ្បិតលទ្ធផលបែបនេះ មិនមែនជាអ្វីដែលទ្រង់ និងនាក់ម្នាងចង់បាននោះទេ តែវាជារឿងមួយដែលត្រូវសម្រេចចិត្ត។

ព្រះអង្គម្ចាស់ Harry មានបន្ទូលដូច្នេះថា «ក្ដីសង្ឃឹមរបស់យើង គឺបន្តបម្រើម្ចាស់ក្សត្រីយ៍ និងរាជវង្សអង់គ្លេស និងសមាគមយោធារបស់ខ្ញុំ ដោយមិនចាំបាច់មានថវិការដ្ឋ។ ប៉ុន្តែនេះគឺជារឿងដ៏គួរឱ្យសោកសៅ ដែលមិនអាចធ្វើទៅរួច»។

គួរបញ្ជាក់ថា នៅក្រោមការសម្រេចព្រះទ័យរបស់ម្ចាស់ក្សត្រីយ៍ Elizabeth ព្រះអង្គម្ចាស់ Harry នៅតែជាព្រះអង្គម្ចាស់ម្នាក់ ហើយព្រះអង្គ និងអ្នកម្នាង Meghan នឹងបន្តកាន់តំណែង មួយចំនួនទៀត ដែលមិនអាចកាត់ផ្តាច់សាច់ឈាម ពីញាតិវង្សទាំងស្រុងឡើយ។ ព្រះអង្គទាំងពីរនឹងចាប់ផ្ដើមជីវិតថ្មី ដោយបែងចែកពេល វេលារវាងអាមេរិកខាងជើង និងអង់គ្លេស។ ប៉ុន្តែព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan មិនអាចចូលរួមក្នុងព្រឹត្តិការណ៍រាជវង្សសំខាន់ៗ ហើយក៏មិនអាចធ្វើដំណើរទស្សនកិច្ច តំណាងឱ្យរាជវង្សអង់គ្លេសបានទៀតដែរ៕