(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់លោក អាលី ខាមេណៃ (Ayatollah Ali Khamenei) បាននិយាយថា ការសម្លាប់លោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) គឺជាទង្វើដ៏កំសាករបស់សហរដ្ឋអាមេរិក និងមិនសក្តិសមជាមហាអំណាចទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅនាឱកាសដឹកនាំការថ្វាយបង្គំនៅថ្ងៃសុក្រ ជាលើកដំបូងបំផុតក្នុងរយៈពេលជាង ៨ឆ្នាំមកនេះ លោក Khamenei បានសង្កត់ធ្ងន់ទៀតថា «សហរដ្ឋអាមេរិកកំសាកមិនហ៊ាន ប្រឈមមុខដោយផ្ទាល់ជាមួយលោក Soleimani ទើបលួចសម្លាប់រូបលោក» ហើយមីស៊ីលដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គឺជាសារមួយបង្ហាញថា ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ មានន័យស្មើនឹងការវាយប្រហារលើសហរដ្ឋអាមេរិកទាំងមូល។ លោក Khamenei បានបន្ថែមថា ប្រជាជនអ៉ីរ៉ង់រួមទាំងប្រជាជនប្រទេសដទៃទៀតនៅក្នុងតំបន់ បានកោតសរសើរចំពោះសមត្ថភាពរបស់លោក Soleimani និងដុតបំផ្លាញទង់ជាតិអាមេរិក ក៏ដូចជាទង់ជាតិអ៉ីស្រាអែលផងដែរ។

គួរជម្រាបថា លោក Qassem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា កន្លងទៅ។ លោក ដូណាល់ ត្រាំ បានអះអាងថា ការសម្លាប់មេទ័ពអ៉ីរ៉ង់រូបនេះ ដើម្បីទប់ស្កាត់ការវាយប្រហារលើស្ថានទូតអាមេរិកចំនួន ០៤កន្លែងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺនៅអ៉ីរ៉ាក់តែម្ដងដែលលោកចោទថា លោក Soleimani គឺជាអ្នករៀបចំផែនការវាយប្រហារទាំងនេះ៕