(តូត្យូ)៖ ចំនួនប្រជាជនសម្លាប់ខ្លួន ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១៩ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ក្នុងរយៈពេលច្រើនជាង៤០ឆ្នាំចុងក្រោយនេះ ហើយនេះក៏ជាការ ធ្លាក់ចុះ១០ឆ្នាំជាប់ៗគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ការបញ្ចប់ជីវិតខ្លួនឯង មានប្រវត្តិតាំងតែពីយូរលង់ណាស់មកហើយ នៅជប៉ុន ដោយមនុស្សចំនួន ប្រើប្រាស់វាជាវិធីសាស្ត្រគេចវេសពីភាពអៀនខ្មាស់ ឬការខូចខាតកិត្តិយស និងបញ្ហាមួយចំនួន។ ប្រទេសជប៉ុន នៅតែឈរនៅលំដាប់កំពូល ក្នុងចំណោមប្រទេស G7 ដោយមានអាត្រាអ្នកសម្លាប់ខ្លួនខ្ពស់ជាងគេ តែដោយសារតែកិច្ចខិតប្រឹងប្រែងរបស់ រដ្ឋាភិបាលលោក អាបេ ស៊ីនហ្សូ អាត្រាអ្នកសម្លាប់ខ្លួនបានធ្លាក់ចុះអស់៤០ភាគរយ ក្នុងរយៈពេលជិត១៥ឆ្នាំ កន្លងមកនេះ។

បើតាមទិន្នន័យបឋមផ្ដល់ដោយប៉ូលិសជប៉ុន ចេញផ្សាយនៅថ្ងៃសុក្រនេះ ចំនួនអ្នកសម្លាប់ខ្លួនបានធ្លាក់ចុះអស់៨៨១នាក់ ដែលធ្វើឱ្យចំនួនអ្នកធ្វើអត្តឃាតសរុប ស្ថិតនៅក្រោម ២០,០០០នាក់ ជាលើកដំបូងចាប់តាំងពីការសម្លាប់ខ្លួនឯងមានអាត្រាខ្ពស់បំផុតក្នុងឆ្នាំ១៩៧៨។ ទិន្នន័យនេះ ឱ្យដឹងទៀតថា អាត្រាធ្វើអត្តឃាតបានធ្លាក់ចុះមកនៅត្រឹម ១៥.៨នាក់ ក្នុងចំណោមមនុស្ស១០០,០០០នាក់។ ដោយឡែក បើគិតតាមយែនឌឺវិញ បុរស ១៣,៩៣៧នាក់ និងស្ត្រី ៦,០២២នាក់ បានធ្វើបញ្ចប់ជីវិតខ្លួនឯង។

គួរជម្រាបថា អាត្រាធ្វើអត្តឃាតក្នុងប្រទេសជប៉ុន បានកើនដល់ចំណុចកំពូលដល់ទៅ ៣៤,៤២៧នាក់ កាលពីឆ្នាំ២០០៣។ ម្យ៉ាងវិញទៀត បើទោះជាប៉ូលិសជប៉ុន មិនបាន បញ្ជាក់មូលហេតុពីការធ្លាក់ចុះនេះក៏ដោយ តែការកើនឡើងសេដ្ឋកិច្ច កម្មវិធីបង្កាអ្នកធ្វើអត្តឃាត ការបង្កើនសេវាកម្មអប់រំផ្លូវចិត្ត និងខ្សែទូរស័ព្ទបន្ទាន់ ព្រមទាំងក្រុមការងារ ស្ម័គ្រចិត្តនានាលើកិច្ចការនេះ ត្រូវបានគេជឿជាក់ថាជាមូលហេតុចូលរួមចំណែកកាត់បន្ថយចំនួនអ្នកសម្លាប់ខ្លួនឯង៕