(ហុងកុង)៖ លោកស្រី Carrie Lam ដែលជាអភិបាលទីក្រុងហុងកុង នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលបាននិងកំពុងធានាឲ្យ ប្រជាជនហុងកុងទទួលបាននូវសិទ្ធិសេរីភាពធំទូលាយ ជាងតំបន់ដទៃៗទៀតរបស់ចិននោះ គឺអាចត្រូវបន្តអនុវត្តរហូតហួសពីឆ្នាំ២០៤៧ ដែលជាថ្ងៃផុតកំណត់នៃគោលការណ៍នេះ ដរាបណាអ្នករស់នៅក្នុងទីក្រុងនេះមិនបំផ្លាញវា ដោយសារតែការយល់ច្រឡំមួយពេល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
លោកស្រី Lam បានលើកឡើងដូច្នេះថា «វាមានហេតុផលគ្រប់គ្រាន់ដើម្បីជឿជាក់ថា គោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នឹងមិនត្រូវផ្លាស់ប្តូរឡើយ ទោះផុតពីឆ្នាំ២០៤៧ទៅក៏ដោយ»។ ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា ដើម្បីយល់ដឹងក៏ដូចជាអនុវត្តនូវ គោលការណ៍នេះ គឺតម្រូវឲ្យមានការរក្សាការពារមូលដ្ឋានគ្រឹះនៃប្រទេសមួយ និងគោរពនូវភាពខុសគ្នានៃប្រព័ន្ធគ្រប់គ្រងទាំងពីរ។
ជាមួយគ្នានោះ លោកស្រីអភិបាលក្រុងហុងកុង បានទទូចឲ្យប្រជាជនហុងកុង ជាពិសេសគឺយុវជនតែម្តង ដែលបានដឹកនាំចលនា បាតុកម្មយ៉ាងកក្រើកជាច្រើនខែ នាពេលកន្លងមក កុំរំលោភបំពានក៏ដូចជាបំផ្លាញគោលកាណ៍ដ៏សំខាន់នេះ ដោយសារតែការយល់ច្រឡំមួយពេល។
គួរជម្រាបថា ហុងកុង ដែលជាទីក្រុងត្រូវបានចក្រភពអង់គ្លេសប្រគល់មកឲ្យប្រទេសចិនវិញ កាលពីឆ្នាំ១៩៩៧ ក្រោមការអនុវត្ត គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលមានសុពលភាពរយៈពេល៥០ឆ្នាំ បានធ្លាក់ចូលក្នុងភាពវឹកវរដោយសារ ការផ្ទុះបាតុកម្មដ៏ធំ ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០១៩ ហើយមកទល់ឆ្នាំ២០២០ សកម្មភាពតវ៉ាក្នុងទីក្រុងនៅតែបន្ត កើតមាន គ្រាន់តែមិនសូវខ្លាំងដូចមុន។
ចលនាបាតុកម្មនោះបានផ្ទុះឡើង ព្រោះមានមតិខ្លះយល់ឃើញថា រដ្ឋាភិបាលចិនកំពុងព្យាយាមរឹតត្បឹតលើហុងកុង ជាពិសេសក្នុងចំណោមក្រុមយុវជនតែម្តង ដែលមានការយល់ឃើញបែបនេះ។ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលនូវការសង្ស័យនេះ ហើយបានអះអាងថា ខ្លួនគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនលើគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ហើយបានបន្ទោសទៅ លើប្រទេសលោកខាងលិចថា បានឆ្លៀតឱកាសដុតបញ្ឆេះឲ្យមានភាពចលាចលខ្លាំងនៅទីក្រុងហុងកុង៕