(ហ្សឺណែវ)៖ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា អំឡុងទសវត្សរ៍ឆ្នាំ២០១០ មានសីតុណ្ហភាពក្តៅខ្លាំងបំផុត និងបានព្រមានថា គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើន ដែលបង្កឡើងដោយសាតែការកើនឡើងខ្ពស់នៃសីតុណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំតៗទៅមុខទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

អង្គការឧតុនិយមពិភពលោក WMO របស់ UN ដែលបានចេញរបាយការណ៍របស់ខ្កួន យោងទៅតាមការសិក្សានៃក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានឲ្យដឹងថា ការរកឃើញរបស់អង្គការ ក៏ដូចទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើល ស្ថានភាពអាកាសធាតុនៃសហភាពអឺរ៉ុប ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយបង្ហាញថា ២០១៩ គឺជាឆ្នាំក្តៅបំផុតទីពីរចាប់តាំងពីមានការកត់ត្រាទុកមក ហើយឆ្នាំដែលក្តៅជាងគេបង្អស់គឺឆ្នាំ២០១៦។

ប្រធានអង្គការ WMO លោក ផេតធើរី ថាអាឡាស (Petteri Taalas) បាននិយាយថា ឆ្នាំ២០២០នេះ បានចាប់ផ្តើមឡើងពីចំណុចដែលឆ្នាំ២០១៩ បានបន្សល់ទុក គឺលោកចង់សំដៅទៅលើមហន្តរាយភ្លើងឆេះនៅអូស្រ្តាលី ដែលបានបន្តវាយប្រហារប្រទេសនោះជាច្រើនខែមកហើយ។ អ្នកវិទ្យាសាស្រ្តក៏បានព្រមានដែរថា ភ្លើងឆេះព្រៃរយៈពេលយូរ និងក្នុងកម្រិតធ្ងន់ធ្ងរខ្លាំងបែបនេះនៅអូស្រ្តាលី អាចនឹងក្លាយជារឿងកើតមានឡើងជាប្រចាំតែម្តង ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មិនអាចត្រូវកាត់បន្ថយទេនោះ។ ចំណែកលោក Taalas បានបន្តថា គ្រោះធម្មជាតិធ្ងន់ធ្ងរបង្កឡើងដោយសីតុណ្ហភាពយ៉ាងដូច្នេះ នឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២០ និងនៅក្នុងទសវត្សរ៍ខាងមុខៗទៀត ព្រោះតែកំណើននៃកម្រិតឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស។

គួរជម្រាបថា បើតាមអង្គការ WMO សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកកំឡុង ០៥ឆ្នាំ (២០១៥-២០១៩)និង ១០ឆ្នាំ (២០១០-២០១៩) គឺខ្ពស់បំផុតមិនធ្លាប់មាន ហើយចាប់តែពីទសវត្សរ៍ឆ្នាំ១៩៨០ មកទសវត្សរ៍បន្ទាប់ៗទៀតសុទ្ធតែមាន សីតុណ្ហភាពខ្ពស់ជាងទសវត្សរ៍មុនៗ ហើយវាទំនងជានឹងបន្តបែបនេះទៀត៕