(ម៉ូស្គូ)៖ មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី LNA (លីប៊ីខាងកើត) គឺលោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានចាកចេញពីទីក្រុងម៉ូស្គូ ដោយមិនបានចុះហត្ថលេខាលើ បទឈប់បាញ់ជាមួយរដ្ឋាភិបាលលីប៊ីភាគខាងលិច (GNA) នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន TASS នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

នៅក្នុងកិច្ចចរចាសម្របសម្រួលឡើងដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ីរបស់នាយករដ្ឋមន្ត្រី លោក ហ្វាយ៉េស អាលសារ៉ាច (Fayez al-Sarraj) មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី គាំទ្រដោយអង្គការសហប្រជាជាតិ បានចុះហត្ថលេខលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង ស្ដីពីបទឈប់បាញ់ ខណៈលោក Khalifa Haftar មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាជាមុនសិន។

យោងតាមសារព័ត៌មានរុស៊ី TASS ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា លោក Haftar បានចាកចេញពីទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ដោយមិនបានចុះហត្ថលេខាលើសេចក្តីព្រាង នៃបទឈប់បាញ់សម្រាប់ប្រទេសលីប៊ីនោះឡើយ ហើយប្រភពពីខាងលើលីប៊ីផ្ទាល់ ក៏បានបញ្ជាក់ដែរថា លោក Haftar ពិតជាបានចាកចេញពីម៉ូស្គូប្រាកដមែន។

គួរជម្រាបថា តួកគី និងរុស្ស៊ី ដែលគាំទ្រភាគីជម្លោះរៀងៗខ្លួននៅលីប៊ី បានជំរុញឱ្យមានការចុះហត្ថលេខាលើបទឈប់បាញ់ បញ្ចប់សង្រ្គាមរវាងរដ្ឋាភិបាលទី្រប៉ូលី និងរដ្ឋាភិបាល ប៊ែងហ្គាស៊ី (Benghazi) ស្ថិតភាគខាងកើតនៃប្រទេស អស់រយៈពេលជាង ៩ខែមកនេះ ព្រមទាំងបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ ដោយសន្តិវិធី។ សង្រ្គាមរវាងភាគីទាំង ២ បានផ្ដាច់ជីវិតជនស៊ីវិលច្រើនជាង ២៨០នាក់ និងអ្នកប្រយុទ្ធ ២,០០០នាក់ រីឯប្រជាជនលីប៊ី ១៤៦,០០០នាក់ផ្សេងទៀត ក្លាយជាជនភៀសខ្លួន ចាប់តាំងរដ្ឋាភិបាលរបស់លោក Haftar បើកការវាយប្រហារដណ្ដើមគ្រប់គ្រងទីក្រុងទ្រីប៉ូលី៕