(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាដើមសប្តាហ៍នេះ បានទទូចសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់ ដែលជះផលប៉ះពាល់ដល់ក្រុមហ៊ុនចិន ដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់ ហើយលោកបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មបែបនេះ ពុំអាចដោះស្រាយអ្វីៗបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បានធ្វើការលើកឡើងដូចខាងលើ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមលោក Geng ចិនជឿជាក់ថា ការដាក់ទណ្ឌកម្ម ឬគំរាមដាក់ទណ្ឌកម្ម នឹងមិនអាចជួយដោះស្រាយបញ្ហាអ្វីឡើយ ហើយចិនតែងតែប្រកាន់នូវគោលជំហរថា បញ្ហារវាងប្រទេសនានា គួរតែត្រូវដោះស្រាយដោយឈរលើគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គ៏ដូចជាយោងទៅតាមបទដ្ឋានទូទៅ នៃទំនាក់ទំនងអន្តរជាតិ ហើយបញ្ហាវិវាទទាំងនោះ គួរតែត្រូវដោះស្រាយតាមធម៌ត្រជាក់ដូចជា ការសន្ទនា និងប្រឹក្សាយោបល់ជាដើម។

អ្នកនាំពាក្យចិនរូបនេះបានបន្ថែមថា ចិនសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យគោរពនូវការពិត និងប្រតិបត្តិតាមគោលការណ៍ នៃការដោះស្រាយបញ្ហានយោបាយ ហើយអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីចូលរួមបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា-ឈូងសមុទ្រពែក ព្រមទាំងរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៃតំបន់នោះ។

ជាចុងក្រោយលោក Geng បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ជាបន្ទាន់ នូវទង្វើមិនត្រឹមត្រូវរបស់ខ្លួន គឺដាក់ទណ្ឌកម្មដែលប៉ះពាល់ដល់ក្រុមហ៊ុនចិន ប៉ុន្តែក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងនឹងការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ខ្លួនឯង ដោយឥតរួញរាឡើយ។ លោក Geng បានគូសបញ្ជាក់ថា ប្រទេសលោកមានទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការលក្ខណៈមិត្តភាព និងផ្តល់ប្រយោជន៍ទាំងសងខាងជាមួយអ៉ីរ៉ង់ នៅក្រោមក្របខណ្ឌនៃច្បាប់អន្តរជាតិ អស់រយៈពេលជាយូរណាស់មកហើយ ដែលមិនបានប៉ះពាល់ដល់ផលប្រយោជន៍របស់ ភាគីទីបីណាមួយឡើយ ហើយកិច្ចសហប្រតិបត្តិការ និងចំណងទាក់ទងនេះ គួរតែទទួលបានការគោរព និងការពារ។

គួរជម្រាបថា សហរដ្ឋអាមេរិកបានសម្រេច ដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីបន្ថែមទៀត លើប្រទេសអ៉ីរ៉ង់ ក្រោយពីអ៉ីរ៉ង់បានបាញ់មីស៊ីលជាច្រើន គ្រាប់ទៅលើមូលដ្ឋានទ័ព ដែលអាមេរិកឈរជើងក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកចំពោះអាមេរិក ដែលបានធ្វើឃាតមេទ័ពកំពូលម្នាក់របស់ខ្លួន ប៉ុន្តែការបាញ់មីស៊ីលនោះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ខណៈអាមេរិកបានអះអាងថា ខ្លួនបានដឹង និងត្រៀមខ្លួនមុនការវាយប្រហារនោះកើតឡើង៕