(តៃវ៉ាន់)៖ លោកស្រី Tsai Ing-wen គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលនេះមានន័យថាលោកស្រីនឹងបន្តកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណត្តិទី២ជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

យោងតាមលទ្ធផលបោះឆ្នោត លោកស្រី Tsai ទទួលបានសំឡេងគាំទ្រ៥៧.១ភាគរយ ដោយយកឈ្នះលើគូប្រជែងគឺលោក Han Kuo-yu ដែលទទួលបានសំឡេងគាំទ្រ ៣៨.៦ភាគរយ។ លោកស្រី Tsai គឺជាអ្នកជំទាស់នយោបាយផ្សាភ្ជាប់ទំនាក់ទំនងជិតសិ្នទជាមួយចិន ខណៈលោក Han អះអាងថាលោកនឹងផ្ដោតសំខាន់លើផលប្រយោជន៍ សេដ្ឋកិច្ចពីចិន។ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោកស្រីក៏បានជំរុញផងដែរឱ្យចិនបោះបង់ចោលការគំរាមកំហែងវាយយកកោះតៃវ៉ាន់ដោយកម្លាំងយោធា។

គួរជម្រាបថា ចិនបានចាត់ទុកតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយថានឹងវាយយកដែនកោះមួយនេះដោយប្រើប្រាស់កម្លាំងយោធានៅក្នុងករណីចំាបាច់។ ដូច្នេះ ជ័យជម្នះរបស់លោកស្រី Tsai ដែលជាអ្នកនយោបាយប្រឆាំងនឹងចិន អាចនឹងកាន់តែធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំង កាន់តែតានតឹងជាមុនក៏ថាបាន ក្នុងអាណត្តិទី២ ជាប្រធានាធិបតីតៃវ៉ាន់៕