(តេហេរ៉ង់)៖ ក្រោយការបញ្ជាក់ជាផ្លូវការពីមេបញ្ជាការយោធា និងរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ អំពីការពិតនៃការច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយប្រព័ន្ធការពារមីស៊ីលអ៉ីរ៉ង់នោះ លោកប្រធានាធិបតី ហាស្សាន រួហានី (Hassan Rouhani) បានចេញមុខសម្តែងការសោកស្តាយជាពន់ពេក ចំពោះកំហុសអចេតនា មួយនេះ ដែលបានបង្កឲ្យមនុស្សចំរុះជាតិសាសន៍ ១៧៦នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Twitter លោក Hassan Rouhani បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃកងទ័ពអាកាសបានសន្មត់ថា ការច្រឡំបាញ់មីស៊ីលដ៏គួរឲ្យសោកស្តាយនោះ គឺជាកំហុសរបស់មនុស្ស ដែលបានបង្កឲ្យយន្តហោះអ៊ុយក្រែនធ្លាក់ និងមនុស្ស ១៧៦នាក់បាត់បង់ជីវិត។ យើងសូមចូលរួមសម្តែងនូវមរណទុក្ខ ជូនដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់។ ការស៊ើបអង្កេតកំពុងតែបន្ត ដើម្បីស្វែងរក និងកាត់ទោសអ្នកដែលបានបង្កសោកនាដកម្ម និងកំហុសដែលមិនអាចលើកលែងនេះ...។ សាធារណរដ្ឋអ៊ីស្លាមអ៉ីរ៉ង់ ពិតជាមានការសោកសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះកំហុសដ៏អន្តរាយមួយនេះ»

គួរបញ្ជាក់ថា យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។

ក្រោយយន្តហោះធ្លាក់ភ្លាមៗ អាជ្ញាធរអ៉ីរ៉ង់បានអះអាងថា វាបណ្តាលមកពីកំហុសបច្ចេកទេសសុទ្ធសាធ ដោយមិនមែនត្រូវមីស៊ីលបាញ់ចំ ដូចការចោទប្រកាន់របស់ប្រទេសមហាអំណាចមួយចំនួននោះឡើយ។ ទោះបីជាបែបនេះក្តី ការពិតត្រូវបានទម្លាយដោយអ៉ីរ៉ង់ខ្លួនឯង នៅព្រឹកថ្ងៃសៅរ៍នេះ ហើយអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលជាក្រុមហ៊ុនរងគ្រោះ ក៏បានបង្ហោះសារយ៉ាងដូច្នេះដែរថា «យើងមិនដែលមានចម្ងល់នោះឡើយ ចំពោះសមត្ថភាពនៃសហសេវិក និងយន្តហោះរបស់យើង ដែលអាចបង្កឲ្យមានសោកនាដកម្មដូច្នោះ។ ពួកគេបានបំពេញការងារដ៏ល្អបំផុត...»