(ម៉ិចស៊ីកូស៊ីធី)៖ ក្មេងប្រុសអាយុត្រឹម១១ឆ្នាំម្នាក់ បានបាញ់គ្រូខ្លួនឯងបណ្តាលឲ្យស្លាប់ នៅឯសាលារៀនមួយកន្លែង នៅភាគខាងជើងប្រទេសម៉ិចស៊ីកូ និងធ្វើឲ្យមនុស្ស៦នាក់ទៀតរងរបួស មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅសាលាបឋមសិក្សាឯកជនមួយកន្លែងឈ្មោះ Colegio Cervantes ក្នុង ទីក្រុង Torreon នៃរដ្ឋ Coahuila របស់ម៉ិចស៊ីកូ ដែលនៅជាប់ព្រំដែនសហរដ្ឋអាមេរិក។ វាបានចាប់ផ្តើមឡើងនៅពេលក្មេងប្រុសជាជនបង្ក បានសុំចេញ ទៅបន្ទប់ ទឹក ហើយដោយសារតែយូរពេក ក្រោយមកគ្រូរបស់គេក៏បានចេញទៅតាមមើល ស្រាប់តែក្មេងប្រុសម្នាក់នោះ បានដកកាំភ្លើងខ្លី ពីរដើមបាញ់ប្រហារ បណ្តាលឲ្យគ្រូបង្រៀនរបស់ខ្លួនស្លាប់ភ្លាមៗ ខណៈកូនសិស្ស៥នាក់ និងគ្រូបង្រៀនម្នាក់ទៀតអាយុ៤០ឆ្នាំបានរងរបួស ។ បន្ទាប់មកក្មេងប្រុសអាយុ១១ឆ្នាំនោះ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ហើយនាពេលនេះប៉ូលិសម៉ិចស៊ីកូកំពុងស៊ើបអង្កេតជុំវិញ ករណីគួរឲ្យតក់ស្លុតនេះ។

គួរជម្រាបថា ដោយផ្ទុយពីនៅសហរដ្ឋអាមេរិក ករណីបាញ់ប្រហារនៅសាលារៀនបែបនេះ គឺជារឿងកម្រមួយសម្រាប់ម៉ិចស៊ីកូ ប៉ុន្តែពុំមែន មានន័យថា ម៉ិចស៊ីកូមិនធ្លាប់បានជួបប្រទះនាពេលកន្លងមកឡើយ។ កាលពីឆ្នាំ២០១៤ ក្មេងអាយុ១៥ឆ្នាំម្នាក់ បានបាញ់ស្លាប់មិត្តរួម ថ្នាក់ម្នាក់របស់ខ្លួននៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ ហើយនៅឆ្នាំ២០១៧ ក្មេងអាយុ១៥ឆ្នាំម្នាក់ផ្សេងទៀត បានបាញ់មិត្តរួមថ្នាក់៤នាក់ឲ្យ រងរបួស នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុងឈ្មោះថា Monterrey នៃរដ្ឋ Nuevo Leon ភាគឦសានប្រទេស៕