(ឡុងដ៍)៖ ជនរងគ្រោះមួយចំនួន ដែលត្រូវបាននិស្សិតឥណ្ឌូណេស៊ីឈ្មោះ រ៉េយញ៉ាដ ស៊ីណាហ្គា (Reynhard Sinaga) ចាប់រំលោភ បាននាំគ្នាដាក់បណ្តាសាលើនិស្សិតរូបនោះ ដែលបានបំផ្លាញផ្នែកមួយនៃជីវិតរបស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅសៀលព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។

មានតែជនរងគ្រោះពីរនាក់គត់ ក្នុងចំណោមជនរងគ្រោះរហូតដល់ជិត ២០០នាក់ ដែលបានដឹងថាពួកគេត្រូវនិស្សិត Sinaga ចាប់រំលោភ ខណៈជាច្រើននាក់ផ្សេងទៀត គឺមិនបានដឹងខ្លួនឡើយ រហូតទាល់តែពួកគេត្រូវបានប៉ូលិសអង់គ្លេសទៅសួរនាំ។ ជនរងគ្រោះទាំង២នាក់ បានដាក់បណ្តាសាឲ្យនិស្សិតឥណ្ឌូណេស៊ីនោះរងទុក្ខវេទនា ហើយស្លាប់នៅក្នុងគុកដូចឋាននរក ដោយសារតែទង្វើដ៏អាក្រក់របស់ខ្លួន ហើយមួយចំនួនទៀតបានលើកឡើងថា ពួកគេមិនអាចបំភ្លេចបានឡើយនៅថ្ងៃ ដែលប៉ូលិសបានទៅសួរនាំ ហើយប្រាប់ថាពួកគេជាជនរងគ្រោះនៃអំពើរំលោភ សេពសន្ធវៈ។

ប៉ូលិសអង់គ្លេសជឿជាក់ថា និស្សិតជនជាតិឥណ្ឌូណេស៊ីឈ្មោះ រ៉ៃញ៉ាដ ស៊ីណាហ្គា (Reynhard Sinaga) បានរំលោភបំពានផ្លូវភេទលើបុរសរហូតដល់ទៅ ១៩៥នាក់ ក្នុងកំឡុងពេលពីរឆ្នាំកន្លះ។ ស្ថិតក្រោមការកាត់ក្តីអមដោយភស្តុតាង និងសាក្សីជាច្រើនកន្លងមកនេះ និស្សិតរូបនេះត្រូវបានសម្រេចឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនៅអង់គ្លេស។

ដោយសារតែពាក្យបណ្តឹងទៅលើនិស្សិតឥណ្ឌូណេស៊ី Reynhard Sinaga មានច្រើនខ្លាំងពេក ដូច្នេះការកាត់ក្តីដោយតុលាការត្រូវបានធ្វើឡើងជាច្រើនលើក ខណៈពាក្យបណ្តឹងដែលបានលើកយកមកកាត់ក្តីរួចនោះ គឺទើបតែសម្រេច ៨៨ករណីប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងសរុប ១៥៩ករណី។

លោក Reynhard Sinaga មានអាយុ ៣៦ឆ្នាំត្រូវបានប៉ូលិសអង់គ្លេសរកឃើញថា តែងតែបានហៅជនរងគ្រោះទៅផ្ទះរបស់ខ្លួន ក្នុងន័យស្នើសុំជំនួយអ្វីមួយ ហើយក្រោយមកជនល្មើសរូបនេះ ក៏បានដាក់ថ្នាំសណ្តំបុរសទាំងនោះ ហើយចាប់ផ្តើមសកម្មភាពរំលោភបំពានផ្លូវភេទតែម្តង។ ជនរងគ្រោះភាគច្រើន គឺជានិស្សិតមិនទាន់បញ្ចប់ការសិក្សា និងមានអាយុ ២០ឆ្នាំស្តើង។

គួរបញ្ជាក់ថា ករណីរំលោភដ៏សាហាវខាងលើនេះ នៅតែកំពុងស្ថិតក្នុងប្រធានបទក្តៅគគុក ទាំងនៅចក្រភពអង់គ្លេស និងប្រទេសឥណ្ឌូណេស៊ី ហើយជាពិសេសក្រុមគ្រួសាររបស់ ជនល្មើសខាងលើនេះ ដែលកំពុងរស់នៅស្រុកកំណើត ក៏កំពុងតែទទួលរងភាពអាម៉ាស់ខ្លាំងបំផុត នាំឲ្យពួកគេពិបាកប្រឈមមុខចំពោះសង្គមផងដែរ៕