(វែលីងតោន)៖ ថ្ងៃចន្ទដើមសប្តាហ៍នេះត្រូវជាពេលគម្រប់មួយសប្តាហ៍ នៃហេតុការណ៍ផ្ទុះភ្នំភ្លើងលើកោះមួយកន្លែង នៅភាគខាងជើងនូវែលសេឡង់ ដោយប្រជាជនទូទាំងប្រទេសដីកោះនេះ បានចំណាយពេលមួយនាទីធ្វើការស្មឹងស្មាធ ដើម្បីរំលឹកដល់សោកនាដកម្ម ដែលបានផ្តាច់ជីវិតមនុស្សជិត ២០នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ករណីផ្ទុះភ្នំភ្លើងនៅលើកោះភ្នំភ្លើង White Island (កោះពណ៌ស) ដែលស្ថិតនៅភាគខាងជើងប្រទេសនូវែលសេឡង់ បានបណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត។ កាលពីថ្ងៃអាទិត្យក្រុមអ្នកជំនាញមុជទឹក បានព្យាយាមត្រឡប់ទៅកាន់កោះ White Island ជាថ្មីម្តងទៀត ប៉ុន្តែនៅតែរកពុំឃើញសាកសពមនុស្សទាំងពីរនាក់នោះឡើយ។ ទោះបីជាបែបនេះក្តី គេបានសន្មត់ថា ជនរងគ្រោះទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។

គួរជម្រាបថា ហេតុការណ៍ផ្ទុះភ្នំភ្លើងយ៉ាងភ្ញាក់ផ្អើល កាលពីសប្តាហ៍មុននេះ បានកើតឡើងចំពេលមានអ្នកទេសចរចំនួន ៤៧នាក់ស្ថិតនៅលើកោះ White Island។ ក្នុងចំណោមនោះមាន ២៤នាក់មកពីអូស្រ្តាលី ខណៈអ្នកស្លាប់ភាគច្រើនគឺជាជនជាតិអូស្រ្តាលី រីឯ០៩នាក់មកពីសហរដ្ឋអាមេរិក, ០៥នាក់មកពី នូវែលសេឡង់ផ្ទាល់, ០៤នាក់មកពីអាល្លឺម៉ង់, ០២នាក់មកពីចិន, ០២នាក់ទៀតមកពីចក្រភពអង់គ្លេស, និងម្នាក់មកពីម៉ាឡេស៊ី។

ក្នុងឱកាសគម្រប់មួយសប្តាហ៍នៃសោកនាដកម្មខាងលើ ក្រៅពីការចូលរួមស្មឹងស្មាធ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ក៏បានសម្តែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើននាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ក៏ដូចជាតាមរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍នោះ ហើយលោកស្រីបានបន្តថា ជនរងគ្រោះទាំងឡាយដែលបានបាត់បង់ជីវិត នឹងត្រូវចងចាំក្នុងចិត្តប្រជាពលរដ្ឋនូវែលសេឡង់ជានិច្ច។

ដោយឡែកមនុស្ស ២៦នាក់កំពុងបន្តទទួលការតាមដាន និងព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ដោយសារពួកគេបានរងការរលាកយ៉ាងធ្ងន់ធ្ងរ៕