(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងថា ដោយសារតែស្ថានភាពព្រិលធ្លាក់ខ្លាំង ជើងហោះហើរច្រើនជាង ៤០ ត្រូវបានលុបចោលនាថ្ងៃចន្ទនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំង (Beijing Capital International Airport)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋបាលព្រលានយន្តហោះ Beijing Capital International Airport បានចេញសេចក្តីថ្លែងការណ៍ជូនដំណឹងជា ការលុបចោលជើងហោះហើរខាងលើនេះ គឺដោយសារព្រិលនៅតែបន្តធ្លាក់ខ្លាំងក្នុងរដ្ឋធានីប៉េកាំង តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក ហើយបន្ថែមពីលើនោះក៏មានការចុះអ័ព្ទ ដែលនាំឲ្យពិបាកមើលផ្លូវថែមទៀត។ នាយកដ្ឋានឧតុនិយមនៃទីក្រុងប៉េកាំង បានស្នើឲ្យប្រជាជននៅតាមតំបន់ផ្សេងៗនៃទីក្រុង បង្កើនភាពប្រុងប្រយ័ត្នបន្តិច ដោយសារតែស្ថានការណ៍បែបនេះ នឹងពិបាកក្នុងការធ្វើដំណើរគ្រប់មធ្យោបាយ។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ Beijing Capital កំពុងតែព្យាយាមចាត់ចែងការងារបោសសម្អាតព្រិលយ៉ាងសកម្មផងដែរ ដើម្បីកាត់បន្ថយភាពរាំងស្ទះ ខណៈព្រលានយន្តហោះនេះ ត្រូវគេចាត់ទុកជាព្រលានយន្តហោះអន្តរជាតិ ដែលមានភាពមមាញឹកខ្លាំងបំផុតទីពីរ នៅលើពិភពលោក៕