(សេអ៊ូល)៖ បេសកជនពិសេសអាមេរិក នៅក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) នៅថ្ងៃចន្ទនេះបានថ្កោលទោសការទាមទាររបស់ទីក្រុងព្យុងយ៉ាង ដោយចាត់ទុកថាវាគឺជា «សកម្មភាពបង្ករឿង និងគ្មានប្រយោជន៍»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Stephen Biegun ធ្វើការកត់សម្គាល់ខាងលើ ប្រាប់សារព័ត៌មានក្នុងទីក្រុងសេអ៊ូល ខណៈកូរ៉េខាងជើងត្រូវបានគេរំពឹងថា អាចនឹងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាកាដូថ្ងៃបុណ្យណូអែលផ្ញើជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដអាវុធយុទ្ធសាស្ត្រថ្មីចំនួនពីរលើក នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបសូហេ (Sohae) នៅក្នុងខែធ្នូនេះ។

បេសកជនពិសេសអាមេរិកខាងលើ បានលើកយ៉ាងឡើងដូច្នេះថា «វាជារឿងគួរឱ្យសោកស្ដាយ ដែលកូរ៉េខាងជើងធ្វើការអត្ថាធិប្បាយទាំងនេះ ដាក់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងមិត្តរបស់យើងនៅអឺរ៉ុប ព្រោះវាជាសកម្មភាពបង្ករឿង និងគ្មានប្រយោជន៍ទាល់តែសោះ»

គួរជម្រាបថា លោក គីម ជុងអ៊ុន បានទុកពេលឱ្យសហរដ្ឋអាមេរិកផ្ដល់សម្បទានបន្ថែម និងស្ដារកិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩នេះ បើពុំដូច្នោះទេទីក្រុងព្យុងយ៉ាងនឹងជ្រើសរើសផ្លូវដើរថ្មីដោយខ្លួនឯង។ ប៉ុន្តែជុំវិញការព្រមាននេះ លោក ដូណាល់ ត្រាំ ក៏បានព្រមានទុកជាមុនដែរថា ទីក្រុងព្យុងយ៉ាងនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើហ៊ានធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរដែលបំពានលើកិច្ចចរចា ដែលធ្លាប់ត្រូវបានធ្វើឡើងកន្លងមក៕