(អង់ការ៉ា)៖ វាឆាប់ពេកនៅក្នុងការពិភាក្សាគ្នាអំពីគោលបំណងរបស់តួកគី ក្នុងការទិញយន្តហោះចម្បាំងពីរុស្ស៊ី ខណៈទីក្រុងអង់ការ៉ានៅតែរំពឹងថា អាចទទួលបានយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីសហរដ្ឋអាមេរិកដូចមុននោះ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ (Hulusi Akar) ដែលត្រូវបានដកស្រង់ដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីការពារជាតិតួកគី បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «យើងត្រូវតែរង់ចាំមើលថា តើស្ថានការណ៍នឹងវិវឌ្ឍទៅជាយ៉ាងណា...។ តួកគីគឺជារដ្ឋឯករាជ្យមួយ ដូច្នេះយើងនឹងធ្វើអ្វីដែលមើលទៅស័ក្តិសម...។ ប្រសិនបើសហរដ្ឋអាមេរិកបដិសេធ ក្នុងការ បំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្គត់ផ្គង់យន្តហោះ F-35 មកឲ្យយើងនោះ យើងក៏អាចងាកទៅរកអ្នកផ្គត់ផ្គង់ថ្មីបាន...។ យន្តហោះច្រើនណាស់ដែលត្រូវបានផលិត នៅទូទាំងពិភពលោកនេះ ហើយគ្រាន់តែយើងរកជម្រើសដែលល្អមួយ នោះគឺមិនជាបញ្ហាឡើយ... ប៉ុន្តែយើងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដែលជាដៃគូរបស់យើង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានបង្គាប់ឲ្យតួកគី បំផ្លាញ ទុកចោល ឬប្រគល់ប្រព័ន្ធការពារមីស៊ីល S-400 ទៅឲ្យប្រទេសរុស្ស៊ីវិញ បើមិនដូច្នោះទេតួកគីនឹងទទួលរងទណ្ឌកម្ម បន្ថែមពីលើការដកសិទ្ធិចេញពីកម្មវិធី អភិវឌ្ឍយន្តហោះចម្បាំង F-35 ដែលបានកើតឡើងរួចទៅហើយនោះ។ តួកគីហាក់មិនបានបង្ហាញសញ្ញាថា នឹងធ្វើតាមសហរដ្ឋអាមេរិកនោះឡើយ និងថែមទាំងបានពន្យល់រឿងនេះទៅកាន់អាមេរិកវិញជារឿយៗ ដើម្បីចង់រក្សាប្រព័ន្ធ S-400 ទុកប្រើផង និងទទួលបានយន្តហោះ F-35 ពីអាមេរិកវិញក្នុងពេលតែមួយ៕