(ស៊ុយអែត)៖ វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម (Stockholm) មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែតបានឱ្យដឹងថា ទីផ្សារលក់អាវុធពិភពលោកបានកើនឡើងជិត ៥ភាគរយនៅក្នុងឆ្នាំ២០១៨ ហើយសហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេក្នុងការនាំចេញអាវុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបញ្ជាក់ថា ការរកចំណូលពីការលក់អាវុធរបស់ក្រុមហ៊ុនផលិតអាវុធធំៗទាំង ១០០ នៅលើពិភពលោកមានទំហំ ៤២០ពាន់លានដុល្លារ ហើយការកើនឡើងនេះគួរតែអរគុណដល់យុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យក្រុមហ៊ុនអាមេរិក បង្កើនការធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួន ដើម្បីពង្រឹងភាពជាមហាអំណាចលេខមួយ ខាងវិស័យយោធាប្រឈមមុខជាមួយចិន និងរុស្ស៊ី។ លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែល គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ គ្រប់គ្រងទីផ្សារអាវុធរហូតដល់ទៅ ៥៩ភាគរយជាមួយចំណូល ២៤៦ពាន់លានដុល្លារ ឬកើនឡើង ៧.២ភាគរយ តាមពីក្រោយដោយរុស្ស៊ី ដែលឈរនៅលេខរៀងទី២ គ្រប់គ្រងទីផ្សារអាវុធ ៨.៦ភាគរយ, អង់គ្លេស ៨.៤ភាគរយ, និងបារាំង ៥.៥ភាគរយ។

របាយការណ៍សិក្សាស្រាវជ្រាវខាងលើនេះ មិនបានបញ្ជាក់ពីការលក់អាវុធរបស់ចិននោះទេ ដោយសារតែគ្មានទិន្នន័យគ្រប់គ្រាន់ ប៉ុន្តែវិទ្យាស្ថាន SIPRI បានវាយតម្លៃថា ប្រហែលជាក្រុមហ៊ុនលក់អាវុធចិនចន្លោះពី ៣-៧ក្រុមហ៊ុនដែរ ដែលឈរនៅក្នុងលំដាប់នៃក្រុមហ៊ុនលក់អាវុធំៗទាំង ១០០ នៅលើពិភពលោក។

គួរបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនលក់អាវុធទាំង ១០០ មានក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនអឺរ៉ុបចំនួន ៧០ ស្មើនឹង ៨៣ភាគរយនៃការលក់អាវុធសកលក្នុងឆ្នាំ២០១៨ ហើយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) នៅតែឈរលេខទី ១ ក្នុងនាមជាក្រុមហ៊ុនផលិត និងនាំចេញអាវុធធំជាងគេបំផុត ជាមួយការលក់ ១១ភាគរយនៃការលក់អាវុធសកល ហើយគ្រាន់តែការលក់យន្ដហោះចម្បាំង-បំបាំងកាយ F-35 ក៏បានរកចំណូលឱ្យក្រុមហ៊ុនយក្សមួយនេះ ៤៧.២ពាន់លានដុល្លារទៅហើយ៕