(សេអ៊ូល)៖ ប្រមុខកងទ័ពកូរ៉េខាងជើង លោក Pak Jong Chon បាននិយាយថាលោកពិតជាមានការសោកស្ដាយ ហើយលោក គីម ជុងអ៊ុន អន់ចិត្តជាខ្លាំង ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលលើកឡើងពីគំនិត ប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

លោក Pak Jong Chon ដែលជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ បានបញ្ជាក់តាមរយៈការស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងទៀតថា លោក គីម ជុងអ៊ុន ក៏មានការអាក់អន់ស្រពន់ចិត្តនឹងការលើកឡើង របស់លោក ត្រាំផងដែរ។ លោក Pak បន្ថែមថាសហរដ្ឋអាមេរិកនឹងជួបរឿងដ៏អាក្រក់ បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានការបើកការវាយប្រហារណាមួយប្រឆាំងនឹងកូរ៉េខាងជើង ដោយទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់គ្រប់កមិ្រតទាំងអស់។

គួរជម្រាបថា ថ្លែងនាឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានហៅ លោក គីម ជុងអ៊ុន ថា«បុរសគ្រាប់រ៉ុក្កែតសាជាថ្មី» ហើយមិនតែប៉ុណ្ណោះលោកក៏បានអះអាងដែរថាទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងកូរ៉េខាងជើង បើសិនវាជារឿងចាំបាច់៕