(អាមេរិក)៖ កងនាវាអាមេរិកបានសម្រេចចិត្តលើគំរោងធំមួយ ដែលមានតម្លៃជាង ២២.២ពាន់លានដុល្លារ សម្រាប់ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដ៏ទំនើបបំផុតនៅលើពិភពលោក ស្របពេលកងនាវាចិនកាន់តែពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ការសម្រេចចិត្តបញ្ជាទិញនាវាមុជទឹកប្រយុទ្ធត្រកូល វើជីនៀ (Virginia) ចំនួន ០៩គ្រឿង ធ្វើឡើងបន្ទាប់ពីប្រមុខកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានព្រមានពីការកើនឡើងនៃឥទ្ធិលពលកងនាវាចិន ដែលតម្រូវឱ្យសហរដ្ឋអាមេរិក បង្កើនការផលិតនាវាមុជទឹកដើម្បីទប់ស្កាត់។ លោក ខាល ស្គូស្ទឺរ (Carl Schuster) ដែលជាអតីតនាយកប្រតិបត្តិការ ប្រចាំមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួម នៃទីបញ្ជាការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក ក៏បានកត់សម្គាល់ដែរថា ការផ្ដល់កិច្ចសន្យាផលិតនាវាមុទឹកខាងលើគឺ ជាការឆ្លើយតបរបស់កងនាវាអាមេរិក ទៅនឹងការកើនឡើងនៃអំណាចយោធា និងសកម្មភាពឈ្លានពានរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោក Schuster បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នកងនាវាចិនកាន់តែមានសមត្ថភាព និងកាន់តែរីកធំឡើង ដែលតម្រូវឱ្យអាមេរិកចាត់វិធានការឆ្លើយតប ដោយមិនមែនចាត់ទុកចិនជាសត្រូវនោះទេ។ ប៉ុន្តែគ្រាន់តែសកម្មភាពរបស់ចិនកន្លងមក គឺបង្ខំឲ្យយើងត្រូវតែឃ្លាំមើលប៉ុណ្ណោះ»។

គួរបញ្ជាក់ថា នាវាមុជទឹកប្រយុទ្ធត្រកូល Virginia គឺជានាវាមុជទឹករបស់កងនាវាអាមេរិក ដែលអាចប្រើប្រាស់បានច្រើនមុខងារ ក្នុងនោះរួមមានទាំងសមត្ថភាពប្រយុទ្ធប្រឆាំងនាវា និងគោលដៅសត្រូវនៅលើគោក ព្រមទាំងអាចដឹកនាំប្រតិបត្តិការស៊ើបការណ៍សំងាត់ផងដែរ។ ចំណែកឯក្រុមហ៊ុន General Dynamics Electric Boat មានមូលដ្ឋានក្នុងទីក្រុង ក្រូថុន (Groton), រដ្ឋ ខុននិចធីខាន់ (Connecticut) នឹងទទួលបន្ទុកផលិតនាវាមុជទឹកទាំង ០៩គ្រឿងខាងលើ ខណៈកងនាវាអាមេរិកក៏គ្រោងបន្ថែមការផលិតនាវាមុជទឹកទី ១០ ដែលនឹងធ្វើឱ្យកិច្ចសន្យាផលិតកើនដល់ ២៤ពាន់លានដុល្លារ៕