(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Motegi Toshimitsu) នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសលោកបានសន្យាថវិកា ០៣ពាន់លានដុល្លារ ក្នុងទម្រង់ជាការវិនិយោគ និងកម្ចីឥណទានឲ្យដល់តំបន់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងរហ័សមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Kyodo News នៅល្ងាចថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

លោក Motegi បាននិយាយថា វិស័យរដ្ឋរួមជាមួយវិស័យឯកជនជប៉ុន នឹងផ្តល់ថវិកាទាំងនោះក្នុងអំឡុងពេល ០៣ឆ្នាំគឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នៅក្រោមកិច្ចប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការធ្វើឲ្យប្រសើរឡើងនូវ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី និងការការពារបរិស្ថានធម្មជាតិ។ កាលពីខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសន្យាថា នឹងបង្កើនទំហំនៃការវិនិយោគព្រមទាំងកម្ចីឲ្យដល់ទ្វេដង សម្រាប់ប្រទេសអាស៊ានទាំង ១០ ស្របពេលដែលលោកព្យាយាមស្វែងរកការគាំទ្រ ចំពោះចក្ខុវិស័យរបស់លោក ដែលចង់ឃើញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានលក្ខណៈសេរី និងបើកចំហយ៉ាងទូលំទូលាយ។

នៅក្នុងសុន្ទរកថាមួយក្នុងទីក្រុងតូក្យូនាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi ក៏បានគូសបញ្ជាក់ដែរថា ការប្រកាសខាងលើគឺជាការស្តែងឲ្យឃើញ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដោយសេរី និងប្រកបដោយតម្លាភាពនៅតំបន់អាស៊ាន តាមរយៈការផ្តល់ជម្រើសលើកស្ទួយសេដ្ឋកិច្ច នៅគ្រប់ជ្រុងជ្រោយទាំងអស់។ ក្នុងចំណោមថវិកាសរុបប្រមាណ ០៣ពាន់លានដុល្លារនោះ ១.២ពាន់លានដុល្លារនឹងត្រូវផ្តល់ដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋាភិបាលជប៉ុន ឬអង្គការ JICA៕