(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការផ្នែកកិច្ចការសម្ងាត់ នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នាថ្ងៃចន្ទដើមសប្តាហ៍នេះបានបញ្ចេញឯកសារ ស្តីពីការផ្តល់សក្ខីកម្មរបស់មន្រ្តីអាមេរិកពីររូប ពាក់ព័ន្ធនឹងសំណុំរឿងស៊ើបអង្កេត សំដៅទម្លាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមឯកសារខាងលើ លោក ដេវីដ ហូលមែស (David Holmes) ដែលជាមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ បានប្រាប់ក្រុមអ្នកស៊ើបអង្កេត នៃសភាតំណាងរាស្រ្តអាមេរិកកាលពីសប្តាហ៍មុនថា កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ត្រាំ បានបង្គាប់ឲ្យលោក ហ្គ័រដុន សុនដ៍ឡេន (Gordon Sondland) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប ប្រាប់ពីស្ថានការណ៍វិវត្តន៍នៃការស៊ើបអង្កេតមួយ ហើយលោក Sondland ក៏បានឆ្លើយតបវិញថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) នឹងឲ្យលោក ត្រាំ នូវអ្វីដែលលោកចង់បាន។

លោក Holmes បាននិយាយដូច្នេះថា «ខ្ញុំគិតថាអ៊ុយក្រែនបានចាប់ផ្តើមយល់ថា ពួកគេកំពុងត្រូវបានស្នើឲ្យធ្វើអ្វីម៉្យាង ដើម្បីជាថ្នូរសម្រាប់ការបើកកិច្ចប្រជុំ និងការផ្តល់ជំនួយផ្នែកសន្តិសុខ»។ រីឯលោក ដេវីដ ហាលស៍ (David Hales) ដែលជាមន្រ្តីក្រសួងការបរទេសអាមេរិក កំពុងបំពេញការងារនៅអ៊ុយក្រែនបានលើកឡើងថា អ្វីដែលបានកើតឡើងគឺជារឿងមិនប្រក្រតីនោះឡើយ ហើយមេធាវីរបស់លោក ត្រាំ គឺលោក រូឌី ហ្គុយលានី (Rudy Giuliani) ក៏មានជាប់ពាក់ព័ន្ធរឿងនេះដែរ។

គួរជម្រាបថា សភាតំណាងរាស្រ្តអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេត ដើម្បីទម្លាក់លោក ត្រាំ ពីតំណែងបន្ទាប់ពីមានការទម្លាយឲ្យដឹងថា លោក ដូណាល់ ត្រាំ ទំនងជាបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ឲ្យបើកការស៊ើបអង្កេតលើលោក ហាន់ធើ បៃដិន (Hunter Biden) ដែលជាកូនប្រុសអតីតអនុ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) និងលោក Joe Biden ផ្ទាល់ ថាបានប្រព្រឹត្តអំពើពុករលួយដែរ ឬយ៉ាងណា ជាថ្នូរនឹងការផ្តល់ជំនួយយោធា ពីសំណាក់សហរដ្ឋអាមេរិក ខណៈលោក Joe Biden ត្រូវជាគូប្រជែងធំបំផុតមួយរូបរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០។

ក្រោយរងការចោទប្រកាន់នេះ លោក ត្រាំបានបញ្ចេញខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់ លោកជាមួយលោក Zelensky ដែលលោកអះអាងថាជាខ្លឹមសារទាំងស្រុង ហើយលោកបានបញ្ជាក់ថា ពុំមានការដាក់សម្ពាធ ឬក៏ថ្នូរអ្វីឡើយ។ មិនតែប៉ុណ្ណោះលោក ត្រាំ បានហៅទង្វើរបស់សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យថា ជាការព្យាយាមកែប្រែលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦៕