(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការប្រដូចអតីតប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) ទៅនឹង «សុនខឆ្កួតមួយក្បាល» ពីសំណាក់កូរ៉េខាងជើងគឺជាទង្វើមិនសមរម្យឡើយ ព្រោះលោក Biden មានលក្ខណៈសម្បត្តិល្អប្រសើរជាងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសារចេញមុខការពារលោក Joe Biden ដ៏កម្រមួយនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «លោក Joe Biden អាចជាមនុស្សដេកទ្រមក់ និងស្ពឹកស្រពន់ម្នាក់... ប៉ុន្តែលោកមិនមែនជាសុនខឆ្កួតមួយក្បាលនោះទេ ដ្បិតលោកមានលក្ខណៈសម្បត្តិល្អប្រសើរជាងនេះ»

តែយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់លម្អិតពីចេតនាពិតប្រាកដ ជំរុញឱ្យលោកលើកឡើងបែបនេះនោះទេ ដោយគ្រាន់តែគេដឹងថា នេះគឺជារឿងកម្រមួយដែលលោកចេញមុខការពារលោក Biden ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូរប្រជែងដ៏ធំរបស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនម្នាក់របស់គណបក្សប្រជាធិបតេយ្យអាមេរិក សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានទទួលរង ការប្រមាថមើលងាយពីសំណាក់កូរ៉េខាងជើងថា ជាសត្វសុនខមួយក្បាលដែលកើតជំងឺឆ្កួត។ ការប្រើសម្ដីដ៏អសុរស នេះកើតមានឡើងក្រោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Biden ថ្លើមធំហ៊ានបរិហារកេរ្តិ៍មកលើសេចក្តីថ្លៃថ្នូរ នៃប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង៕