(ស៊ីដនី)៖ អតីតកីឡាករបាល់ឱបអូស្ត្រាលីមកពីក្រុម វ៉លឡាប៊ីស អ៊ីស្រាអែល ហ្វូឡូ (Wallabies Israel Folau) បង្កភាពចម្រូងចម្រាស់សាជាថ្មីនៅថ្ងៃចន្ទនេះ ដោយបានចាត់ទុកថា «ភ្លើងឆេះព្រៃបច្ចុប្បន្ន» នៅក្នុងប្រទេសអូស្ត្រាលី គឺជាការដាក់ទោសពីព្រះជាម្ចាស់សម្រាប់ការអនុញាត ឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា និងរំលូតកូនដោយស្របច្បាប់នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក Folau ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយបង្ហោះលើ Facebook ប៉ុន្តែទន្ទឹមគ្នាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូររីសុន (Scott Morrison) បានហៅការអត្ថាធិប្បាយនេះ គឺជាសម្តីបែបអមនុស្សធម៌។ យោងតាមលោក Folau គ្រោះរាំងស្ងួត និងវិបត្តិភ្លើងឆេះព្រៃនៅទូទាំងរដ្ឋ ញូសោតវែលស៍ (New South Wales) និងរដ្ឋ ឃ្វីនស៍ឡេន (Queensland) ដែលបានផ្ដាច់ជីវិតមនុស្ស ០៦នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់រយខ្នង មិនមែនជារឿងចៃដន្យឡើយ។

អតីតកីឡាករបាល់ឱបដ៏ល្បីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ព្រះជាម្ចាស់បានមានបន្ទូលថា បុរស និងស្ត្រីទើបអាចរៀបការនឹងគ្នាបាន... ហើយការរំលូតកូនគឺជាការសម្លាប់មនុស្ស តាំងតែពីនៅទារក។ ដូច្នេះភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងអ្វីៗដែលកំពុងកើតឡើងនៅក្នុងរយៈពេលដ៏ខ្លីនេះ តើអ្នកគិតថាវាគឺជារឿងចៃដន្យមែនទេ? សម្រាប់ខ្ញុំនេះគឺជាការដាក់ទោសពីព្រះជាម្ចាស់ ហើយអូស្ត្រាលីគួរតែងាកមករកភាពត្រឹមត្រូវ កំណត់ដោយព្រះជាម្ចាស់វិញ»

គួរជម្រាបថា Israel Folau ត្រូវបានបណ្ដេញចេញពីក្លឹបបាល់អោប Wallabies កាលពីខែឧសភា កន្លងទៅបន្ទាប់ពីលោកបានបង្ហោះសារលើ Instagram ដោយនិយាយថា «ឋានរក» កំពុងរង់ចាំអ្នកស្រឡាញ់ភេទដូចគ្នា។ អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បានក្លាយជាច្បាប់អនុញ្ញាតនៅក្នុងប្រទេសអូស្រ្ដាលី ក្រោយការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៧ ខណៈរដ្ឋ New South Wales បានចាត់ទុកថា ការំលូតកូនលែងជាទង្វើខុសច្បាប់កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ៕