(បង់ក្លាដែស)៖ ប៉ូលិសបង់ក្លាដែសបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់បានបាត់បង់ជីវិត និងប្រមាណជា២៥នាក់​ទៀតបានទទួលរងរបួស ក្រោយមានករណីផ្ទុះបំពង់ឧស្ម័ន នៅតំបន់ភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយពី​ សារព័ត៌មាន ABC News នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងនាវេលាព្រឹកថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Chittagong ចម្ងាយជាង២០០គីឡូម៉ែត្រ ភាគអាគ្នេយ៍​នៃ​រដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ហើយការផ្ទុះនោះបានបណ្តាលឲ្យជញ្ជាំងនៃអគារកម្ពស់៥ជាន់មួយខ្នងទទួលរងការខូចខាត​។ រីឯអ្នកដែលរងរបួស២៥ទាំងនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរបង់ក្លាដែសបារម្ភថា ចំនួនអ្នកស្លាប់​អាចកើនឡើងថែមទៀត ព្រោះអ្នករបួសខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។

គួរជម្រាបថា នាពេលនេះគឺមិនទាន់ដឹងច្បាស់នៅឡើយទេថា អ្វីទៅដែលបានបង្កឲ្យផ្ទុះបំពង់ឧស្ម័នខាងលើ ស្របពេលដែលការ​ស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ៕