(បាកដាដ)៖ ប្រភពពីក្រុមមន្រ្តីអ៊ីរ៉ាក់បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងបាកដាដបានសម្រេចបិទច្រកព្រំដែន Shalamcheh ដែលនៅ​ភាគខាងត្បូងជាប់អ៊ីរ៉ង់ជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរនៃប្រទេសទាំងពីរ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពដដែលបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះរបស់ប្រទេសអ៊ីរ៉ាក់ គឺធ្វើឡើងតាមការទាមទារពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់​ផ្ទាល់ ដោយសារការធ្វើបាតុកម្មតវ៉ា ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសទាំងពីរ។ ខណៈនេះច្រកព្រំដែនខាងលើនឹងបន្តបិទ​ជាបណ្តោះអាសន្នសម្រាប់អ្នកធ្វើដំណើរ ប៉ុន្តែពុំប៉ះពាល់ដល់ទំនិញចេញ-ចូល និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឡើយ។

គួរជម្រាបថា នៅប្រទេសអ៊ីរ៉ាក់ ការធ្វើបាតុកម្មបានផ្ទុះឡើងជាងមួយខែមកហើយ តាំងពីដើមខែតុលាមក ដោយក្រុមអ្នកតវ៉ាបាន​ទាមទារឲ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងរដ្ឋាភិបាល ព្រមទាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្របពេលដែលមកទល់ឥឡូវ​នេះ​ មនុស្ស​ប្រមាណជា៣០០នាក់ហើយបានបាត់បង់ជីវិត នៅក្នុងកំឡុងការធ្វើបាតុកម្ម៕