(អង់ការ៉ា)៖ ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគី លោក Ismail Demir បានអះអាងជាថ្មីឡើងវិញថា ទីក្រុងអង់ការ៉ា ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ដើម្បីយកមកប្រើប្រាស់ មិនមែនយកមក ទុកចោលនោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Ismail Demir ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ជាភាសាតួកគី នៅថ្ងៃសៅរ៍នេះ និងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក អឺដូហ្គាន់។ ថ្លែងនាឱកាសនោះ លោក Demir បានគូសបញ្ជាក់ដូច្នេះថា៖«វាមិនត្រឹមត្រូវទាល់តែសោះ ក្នុងការនិយាយថាយើង នឹងមិនប្រើប្រាស់ S-400 ដែលយើងបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញវា...យើងមានទំនាក់ទំនង ជាមួយអាមេរិក និងរុស្ស៊ី តែទន្ទឹមគ្នាយើងត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា»។

គួរជម្រាបថា កាលពីថ្ងៃពុធ កន្លងទៅ លោក ដូណាល់ ត្រាំ បានជំរុញឱ្យលោក អឺដូហ្គាន់ បោះបង់ចោល S-400 ប៉ុន្តែប្រធានាធិបតីតួកគីនេះ បានឆ្លើយតបវិញថាទីក្រុងអង់ការ៉ា មិនអាចបំផ្លាញទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ បានឡើយ ហើយនៅតែចង់ទិញប្រព័ន្ធមីស៊ីល Patriot ពីអាមេរិក បន្ថែមពីលើការទិញ S-400៕