(កូឡុំបូ)៖ មនុស្សមួយក្រុមដែលគេមិនស្គាល់ប្រភព បានធ្វើការបាញ់រះ និងគប់ដុំថ្មទៅលើរថយន្តក្រុងមួយ ដែលដឹកអ្នកបោះឆ្នោតស្ថិតនៅទីក្រុងមែនណា (Mannar) ភាគខាងជើងប្រទេសស្រីលង្កា ខណៈដែលប្រទេសដីកោះមួយនេះ បានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះហើយ។ នេះបើតាមការចេញផ្សាយព័ត៌មានដោយស៊ីនហួរ។

មិនទាន់មានការបញ្ជាក់ថា មានមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនោះឡើយ ខណៈកងកម្លាំងសន្តិសុខកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍។ នៅឆ្នាំ២០១៩ នេះប្រទេសស្រីលង្កាបានរងគ្រោះធ្ងន់ ដោយសារតែអំពើភេរវកម្ម ដែលជាហេតុធ្វើឲ្យសន្តិសុខទូទាំងប្រទេស ត្រូវបានរឹតបន្តឹងជាប្រចាំ ស្របពេលដែលវាជាឆ្នាំនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីថែមទៀត។

ដោយឡែកប៉ូលិសស្រីលង្កាកាលពីថ្ងៃសុក្រម្សិលមិញនេះថា មនុស្សសរុប ៩០នាក់ត្រូវបានចាប់ខ្លួន ជុំវិញបទល្មើសពាក់ព័ន្ធទៅនឹងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កា ក្រោយប៉ូលិសទទួលបានពាក្យបណ្តឹងជាង ១០០ពីមហាជនដែលបានអះអាងថា ពួកគេបានរងការគំរាមកំហែងពីក្រុមសកម្មជននយោបាយ។ ជនទាំង ៩០នាក់នោះត្រូវបានឃាត់ខ្លួន ពីបទបង្កការគំរាមកំហែង សម្លុត ដាក់សម្ពាធ និងប្រើហិង្សាលើប្រជាពលរដ្ឋស្រីលង្កា ដើម្បីឲ្យបោះឆ្នោតឲ្យបេក្ខជនណាមួយ។

គួរជម្រាបថា បេក្ខជនសរុបចំនួន ៣៥នាក់ នឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កា នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ បើតាមការប៉ាន់ស្មាន ពលរដ្ឋស្រីលង្កា ១៦លាននាក់ក្នុងចំណោមចំនួនប្រជាជនសរុប ២២លាននាក់មានសិទ្ធិបោះឆ្នោត។ សម្រាប់ការការពារសន្តិសុខ កងកម្លាំងប៉ូលិសជាង ៦០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស តាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ៕