(សេអ៊ូល)៖ សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្ត ការពារកូរ៉េខាងត្បូងពីការគំរាមកំហែងនានាដោយកូរ៉េខាងជើង ខណៈលោក ដូណាល់ ត្រាំ បានតឿនទីក្រុងសេអ៊ូលជាច្រើនលើក ឱ្យបង់ថ្លៃការពារបន្ថែមដល់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅឧបទ្វីបកូរ៉េ ហើយសភាអាមេរិក៏បានព្រមានផងដែរ អំពីភាពរង្គោះរង្គើនៃទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងត្បូង បើសិនជាការទាមទារថ្លៃការពារនោះហួសហេតុពេក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ជុង គ្យុងឌូ (Jeong Kyeong-doo) ធ្វើឡើងនៅក្នុងជំនួបនៅថ្ងៃសុក្រនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល។ បន្ថែមពីលើនៅក្នុងជំនួបនោះ លោក Jeong ក៏បានអះអាងដែរថា ការជួយចេញថ្លៃចាយវាយរបស់កងទ័ពអាមេរិកជាង ២៨,៥០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ដែលកំពុងស្ថិតនៅក្នុងកិច្ចចរចានៅឡើយ គួរតែត្រូវបានធ្វើឡើងដោយស្មើភាព ហើយភាគីទាំងពីរអាចទទួលយកបាន។

គួរជម្រាបថា បើតាមសេចក្ដីរាយការណ៍របស់ CNN ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា ៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេរិក នៅលើឧបទ្វីបកូរ៉េដូចធម្មតា។ ប៉ុន្តែវត្តមានកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េនេះឯង គឺជាឧបសគ្គដ៏ធំដែលរារាំងដល់ កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយកេ្លអ៊ែរ ដ្បិតកូរ៉េខាងជើងចាត់ទុកថា វាគឺជាកម្លាំងដែលអាចប្រើដើម្បីឈ្លានពាន និងផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន៕