(អាមេរិក)៖ សិស្សសាលាចំនួន ០២នាក់បានបាត់បង់ជីវិត និង ០៣នាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហារមួយកើតឡើងនៅវិទ្យាល័យ សូហ្គឹស (Saugus) ក្នុងក្រុងសាន់តាក្លារីតា (Santa Clarita) ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) នៅពេលយុវជនម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើមិត្តរួមសាលាចំថ្ងៃខួបកំណើតឈានចូលដល់អាយុ ១៦ឆ្នាំរបស់ខ្លួន ដែលជាលទ្ធផលបានបណ្តាល ឲ្យសិស្សសាលា ០២នាក់ស្លាប់ និង ០៣នាក់ផ្សេងទៀតទទួលរងរបួស មុនពេលបាញ់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែបើតាមអាជ្ញាធរអាមេរិក យុវជននោះមិនទាន់ស្លាប់ឡើយ គឺកំពុងទទួលការសង្រ្គោះនៅពេលមន្ទីរពេទ្យ តែស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ។

គួរជម្រាបថា អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់ចេតនា នៅពីក្រោយសកម្មភាពរបស់ខ្មាន់កាំភ្លើងនោះទេ។ រីឯទីភ្នាក់ងារស៊ើបអង្កេត FBI ក៏បានឲ្យដឹងដែរថា ពុំមានសញ្ញានៃមនោគមន៍វិជ្ជា ឬក៏ជនរួមគំនិតណាផ្សេងឡើយ។ ដោយឡែកជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ខណៈក្នុងចំណោមអ្នករងរបួស មានក្មេងប្រុសម្នាក់ និងស្រី ០២នាក់ ដែលមានអាយុចន្លោះពី ១៤-១៥ឆ្នាំ។ បើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ករណីបាញ់ប្រហារក្នុងសាលារៀនដល់ទៅជាង ៤០ករណី បានកើតឡើងនៅសហរដ្ឋអាមេរិក៕