(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលបានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអ៊ីស្រាអែល) នេះថា បទឈប់បាញ់ត្រូវបានបង្កើតឡើងហើយ បន្ទាប់ពីការផ្ទុះជម្លោះរវាងគ្នាពីរថ្ងៃមកនេះ ដែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីននៅហ្គាហ្សា សរុបចំនួន ៣៤នាក់បាត់បង់ជីវិត និង ៧០នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក ហេឌី ហ្ស៊ីលប៊ែរម៉ាន់ (Hedi Zilberman) បានប្រាប់អ្នកសារព័ត៌មាននានា នៅទីក្រុងហ្សេរុយសាឡឹមយ៉ាងដូច្នេះថា «ការបាញ់គ្នាពីរថ្ងៃមកនេះត្រូវបានបញ្ចប់...។ បទឈប់បាញ់មួយបានចូលជាធរមានហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ...។ ប្រតិបត្តិការរបស់យោធាអ៊ីស្រាអែល គឺដើម្បីប្រមាញ់ជីវិត មេបញ្ជាការជាន់ខ្ពស់នៃក្រុមជីហាដ (Jihad) ឈ្មោះ បាហា អាល់អាតថា (Baha al-Atta) នៅតំបន់ហ្គាហ្សា ហើយយើងក៏ទទួលបានជោគជ័យទៅតាមផែនការលឿនបំផុត ក្នុងរយៈពេលតែ ៤៨ម៉ោងប៉ុណ្ណោះ...»

គួរបញ្ជាក់ថា មេក្រុមឧទ្ទាមជីហាដ Baha al-Atta បានបាត់បង់ជីវិតក្នុងផ្ទះរបស់ខ្លួនតែម្តង នៅទីក្រុងហ្គាហ្សា ហើយសូម្បីតែភរិយាលោកក៏បានបាត់បង់ជីវិតជាមួយគ្នាដែរ ខណៈសមាជិកគ្រួសារ ០៨នាក់ទៀតបានទទួលរងរបួស។ ប្រតិបត្តិការរបស់អ៊ីស្រាអែល ក្នុងការប្រមាញ់ជីវិតមេជីហាដនៅហ្គាហ្សាខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ៣៤នាក់ និង ៧០នាក់រងរបួសក្នុងរយៈពេលតែ ៤៨ម៉ោងប៉ុណ្ណោះ។ អ៊ីស្រាអែលចាត់ទុក Baha al-Atta ជាមនុស្សគ្រោះថ្នាក់បំផុត ដែលបានដឹកនាំការវាយប្រហារដោយរ៉ុក្កែត មកលើទឹកដីខ្លួន និងបានរៀបចំគំរោងវាយប្រហារអ៊ីស្រាអែលបន្ថែមទៀត៕