(ហាណូយ)៖ តុលាការនៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសប្រហារ ជីវិតជនជាតិវៀតណាមចំនួន៥នាក់ និងជនជាតិឡាវម្នាក់ ខណៈជនជាតិវៀតណាម៨នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយសារ បទល្មើសរត់ពន្ធគ្រឿងញៀន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNExpress នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងចំណោមជនជាប់ចោទទាំង៨នាក់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ មាន៤នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិត និង៤នាក់ ទៀតត្រូវជាប់ពន្ធាគារម្នាក់២០ឆ្នាំ។ ក្រៅពីនេះ នៅមានជនសង្ស័យ២នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនដូចគ្នា កំពុង តែរត់គេចខ្លួនពីអាជ្ញាធរវៀតណាម។ ការរកឃើញនិងចាប់ខ្លួនបណ្តាញរត់ពន្ធគ្រឿងញៀននេះ បានចាប់ផ្តើមដំបូងកាលពីខែមិថុនា ឆ្នាំមុន នៅក្រុង Mong Cai ខេត្ត Quang Ninh ជាប់ព្រំប្រទល់ប្រទេសចិន។

គួរជម្រាបថា យោងតាមច្បាប់នៃប្រទេសវៀតណាម បុគ្គលដែលត្រូវអាជ្ញាធររកឃើញថា មានផ្ទុកឬលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ច្រើនជាង៦០០ក្រាម ឬក៏ប្រភេទមេតាំហ្វេតាមីនច្រើនជាង២.៥គីឡូក្រាម នឹងត្រូវប្រឈមមុខទោសប្រហារជីវិត។ ចំណែកឯការផលិត ឬលក់ហេរ៉ូអ៊ីនទម្រន់១០០ក្រាម ឬក៏គ្រឿងញៀនប្រភេទដទៃទៀតទម្ងន់៣០០ក្រាម ក៏អាចប្រឈមមុខទោសប្រហារជីវិតដែរ។ ទោះជាមាន ច្បាប់តឹងរ៉ឹងបែបនេះក៏ដោយ ករណីរត់ពន្ធគ្រឿងនៅតែបន្តកើតមានជាបន្តបន្ទាប់ក្នុងប្រទេសវៀតណាម៕