(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ អនុប្រធានព្រឹទ្ធសភាបូលីវីលោកស្រី Jeanine Anez ជាប្រធានាធិបតីស្តីទីរបស់​ប្រទេសអាមេរិកឡាទី​នមួយនេះ បន្ទាប់ពីប្រធានាធិបតីមុនគឺលោក Evo Morales បានសុខចិត្តលាលែងពីតំណែងចំពោះមុខការធ្វើបាតុកម្ម​ទ្រង់ទ្រាយធំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន TASS នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Michael Kozak ដែលជាមន្រ្តីក្រសួងការបរទេសអាមេរិក បានប្រកាសថា លោកស្រី Anez បានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី​របស់បូលីវី ដូច្នេះប្រទេសលោកនឹងសហការជាមួយលោកស្រី ព្រមទាំងស្ថាប័នឯទៀតៗរបស់បូលីវី ស្របពេលដែលពួកគេត្រៀមរៀបចំ​សម្រាប់ការបោះឆ្នោតជាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗតាមតែអាចធ្វើបានទៅបាន ដោយស្របទៅតាមរដ្ឋធម្មនុញ្ញាបូលីវី។ ដោយ​ឡែកមុនការទទួលស្គាល់នេះ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឲ្យជម្លៀសខ្លួនសមាជិកគ្រួសាររបស់បុគ្គលិករដ្ឋាភិបាលអាមេរិក ដែលកំពុងបំពេញការងារនៅក្នុងប្រទេសបូលីវី និងបានដាក់ឈ្មោះប្រទេសអាមេរិកឡាទីននេះ ចូលក្នុងបញ្ជីក្រហមហាមឃាត់ការធ្វើដំណើរ ចំពោះមុខស្ថានការណ៍ដ៏តានតឹងដែលកំពុងកើតឡើងផងដែរ។

គួរជម្រាបថា លោក Evo Morales កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានប្រកាសលាលែងពីតំណែង ចំពោះមុខការធ្វើបាតុកម្មទ្រង់ទ្រាយធំដែល​ប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកកាលពីខែតុលា។ លោក Morales បានចាត់ទុកស្ថានការណ៍នេះថា ជាការធ្វើរដ្ឋប្រហារ។ នាពេលនេះ លោកកំពុងស្ថិតក្នុងប្រទេសម៉ិចស៊ីកូ ខណៈម៉ិចស៊ីកូបានផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយឲ្យរូបលោក។ ក្រោយការលាលែងរបស់លោក Morales លោកស្រី Anez បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ដោយពុំបានឆ្លងកាត់ការបោះឆ្នោតសម្រេចពីសភាឡើយ ហើយ​លោកស្រីបានសន្យាថា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសាជាថ្មី ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន៕