(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា នាយកធនាគារជាតិហ្គាតេម៉ាឡាលោក អាល់វ៉ារ៉ូ ប៊ូស្តាម៉ាន់ត៍ (Alvaro Estuardo Cobar Bustamante) ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលាងលុយកខ្វក់ ដែលបានមកពីការរត់ពន្ធគ្រឿងញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បាននិងកំពុងប្រមូលយកភស្តុតាង ស្តីពីការលាងលុយកខ្វក់របស់លោក Bustamante ដោយជាប់ព័ន្ធផងដែរទៅហ្នឹងការជួយ ឈ្មួញទុច្ចរិតក្នុងការលាងលុយកខ្វក់ ដែលបានមកពីបទល្មើសគ្រឿងញៀន នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ។

ក្រសួងយុត្តិធម៌អាមេរិកបានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាដែលត្រូវបានថតទុក លោក Alvaro Bustamante ត្រូវគេដឹងថា បានព្រមព្រៀងទទួលយកលុយ ដែលបានមកពីការលក់គ្រឿងញៀន ហើយផ្ទេរលុយទាំងនោះយ៉ាងសម្ងាត់ទៅកាន់សហរដ្ឋអាមេរិក ដោយប្រើប្រាស់តួនាទីរបស់ខ្លួនជានាយកធនាគារកណ្តាលរបស់ហ្គាតេម៉ាឡា...»

គួរបញ្ជាក់ថា លោក Alvaro Bustamante នឹងត្រូវបង្ហាញខ្លួនចំពោះមុខចៅក្រមអាមេរិក អ៊ែដវីន ថូររែស (Edwin G. Torres) នៅក្នុងតុលាការទីក្រុងម៉ៃអាមី (Miami) រដ្ឋផ្លូរីដា ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅផ្លូរីដា) ដើម្បីដំណើរការការកាត់ក្តីទៅតាមនីតិវិធី៕