(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនទើបបានចល័តនាវាចម្បាំងមួយគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលនៅចន្លោះដែនដីចិនដីគោក និងកោះតៃវ៉ាន់ ខណៈទង្វើនេះគឺតែងទទួលការរិះគន់ជានិច្ច ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចាត់ទុកថា វាជាសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យអង្គភាពយោធាទី ៧ (7th Fleet) របស់យោធាជើងទឹកសហរដ្ឋអាមេរិកបានប្រាប់ថា ថ្មីៗនេះនាវាចម្បាំង USS ឆេនស្លឺវីល (USS Chancellorsville) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងការបំពេញប្រតិបត្តិការជាប្រចាំមួយ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរូបនោះបានបន្តថា ការចល័តនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រនេះ បានបន្តស្តែងឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលពោរពេញដោយសិទ្ធិសេរីភាពនិងបើកចំហ ហើយយោធាជើងទឹកអាមេរិក នឹងនៅតែចល័តយន្តហោះ និងនាវានៅតាមតំបន់នានាៗឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត។

គួរជម្រាបថា ក្នុងឆ្នាំ២០១៩នេះ យោធាជើងទឹកអាមេរិកបានធ្វើការចល័តបែបនេះចំនួន ៩ដងហើយ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ លើកទី ៨ ត្រូវបានធ្វើឡើងកាលពីចុងខែកញ្ញា នៅពេលនាវាចម្បាំងអាមេរិក USS អ៊ែធីថាំ (USS Antietam) បានធ្វើដំណើរកាត់តំបន់នេះ។ យោងតាមយោធាអាមេរិក ការចល័តនាវាចម្បាំង USS Chancellorsville គឺពុំមានការប្រឈមមុខដាក់គ្នាជាមួយនាវាចម្បាំងចិនឡើយ៕